ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្ដស្នីទ បំផុត របស់អាមេរិកទាំង២ គូសបញ្ជាក់ពីកិច្ចប្រឹងប្រែង លុបបំបាត់អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង

តូក្យូ ៖ មន្រ្តីក្រសួងការបរទេសជប៉ុនម្នាក់ បានលើកឡើងថា មន្រ្តីការទូតជាន់ខ្ពស់ មកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានយល់ព្រម ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការរំសាយ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង តាមរយៈ“ការសន្ទនា និងការដាក់ទណ្ឌកម្ម” ។

កិច្ចប្រជុំរបស់ភាគីទាំង៣ នៅទីក្រុងតូក្យូ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា ខ្លួនបានធ្វើតេស្ត ដោយជោគជ័យនូវមីស៊ីល ផ្លោងរយៈចម្ងាយឆ្ងាយថ្មីមួយ កាលពីចុងសប្តាហ៍ ។

នៅដើមដំបូងនៃកិច្ចចរចាបីផ្លូវលោក Takehiro Funakoshi ប្រធានការិយាល័យកិច្ចការអាស៊ី និងអូសេអានីនៃក្រសួង ការបរទេសជប៉ុន បានលើកឡើងថា“ កិច្ចសហប្រតិបត្តិការ របស់យើងកាន់តែមានសារៈសំខាន់ នៅពេលដែលប្រទេសកូរ៉េខាងជើង មានការជឿនលឿនបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍អាវុធ នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន” ។

លោកស៊ុង គីម អ្នកតំណាងពិសេសអាមេរិក សម្រាប់កូរ៉េខាងជើង បានឲ្យដឹងនៅក្នុងការឆ្លើយតបថា “យើងសង្ឃឹមថា កូរ៉េខាងជើង នឹងឆ្លើយតបជាវិជ្ជមាន ចំពោះការផ្តល់ជូនជាច្រើនរបស់យើង ដើម្បីបំពេញតម្រូវការដោយគ្មាន លក្ខខណ្ឌជាមុន”។

លោក Noh Kyu Duk តំណាងពិសេស របស់កូរ៉េខាងត្បូង សម្រាប់កិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ក៏បាននិយាយអំពីលទ្ធភាព នៃការផ្តល់ជំនួយមនុស្សធម៌ ដល់កូរ៉េខាងជើងផងដែរ ។

កិច្ចពិភាក្សា ស្តីពីការ រំសាយអាវុធ នុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង បច្ចុប្បន្នត្រូវបានជាប់គាំង ដោយសារភាគីទាំងពីរ ខ្វះការតភ្ជាប់គម្លាត រវាងការជំរុញ របស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការរំសាយអាវុធ នុយក្លេអ៊ែរទាំងស្រុង និងការអំពាវនាវរបស់ទីក្រុងព្យុងយ៉ាង ឱ្យបន្ធូរបន្ថយទណ្ឌកម្ម។

ក្រុងវ៉ាស៊ីនតោន បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ខ្លួននៅតែត្រៀមខ្លួន ដើម្បីចូលរួមជាមួយទីក្រុងព្យុងយ៉ាង ឆ្ពោះទៅរកការលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់ខ្លួន ទោះបីកូរ៉េខាងជើង បានប្រកាសពីការបាញ់ សាកល្បងមីស៊ីលផ្លោងថ្មីក៏ដោយ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top