ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានគូសបញ្ជាក់ពីគ្រោះថ្នាក់លាក់កំបាំងចំនួនបី ដែលបង្កឡើងដោយកិច្ចសហប្រតិបត្តិការ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី លើបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ។
លោកវ៉ាង យី បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារតាមរយៈតំណភ្ជាប់វីដេអូ នៅពេលដែលលោក បានដឹកនាំកិច្ចប្រជុំសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់លើកទី ១១ រវាងចិន និងសហភាពអឺរ៉ុប (EU) រួមជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប សម្រាប់គោលនយោបាយការបរទេស និងសន្តិសុខ។
លោកវ៉ាង យី បានលើកឡើងថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានបង្កើតភាពជាដៃគូសន្តិសុខត្រីភាគី ហើយព្យាយាមអនុវត្តកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរដោយបន្ថែមថា សហគមន៍អន្តរជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍នេះជាពិសេសបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក។
លោកបានលើកឡើងថា ចិនជឿជាក់ថាចំណាត់ការនេះនាំមកនូវគ្រោះថ្នាក់លាក់កំបាំងធំ ៗ ចំនួនបីដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសណ្តាប់ធ្នាប់អន្តរជាតិ។
ទីមួយវានឹងនាំទៅដល់គ្រោះថ្នាក់លាក់កំបាំងនៃការកើតឡើងវិញនៃសង្គ្រាមត្រជាក់។ ប្រទេសទាំងបី បានគូសខ្សែបន្ទាត់មនោគមវិជ្ជា និងបានកសាងប្លុកយោធាថ្មីមួយ ដែលនឹងធ្វើឱ្យភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរឡើង។
ទីពីរវានឹងបង្កឱ្យមានគ្រោះថ្នាក់លាក់កំបាំងនៃការប្រកួតប្រជែងសព្វាវុធ ដែលជំរុញឱ្យប្រទេសក្នុងតំបន់មួយចំនួនបង្កើនការអភិវឌ្ឍន៍យោធា និងបង្កើនហានិភ័យនៃជម្លោះយោធា។
ទីបីវានឹងនាំទៅដល់គ្រោះថ្នាក់លាក់កំបាំងនៃការរីកសាយអាវុធនុយក្លេអ៊ែរ។ វានឹងប៉ះពាល់ដល់ប្រព័ន្ធមិនរីកសាយភាយនុយក្លេអ៊ែរបំផ្លាញសន្ធិសញ្ញាតំបន់នុយក្លេអ៊ែរប៉ាស៊ីហ្វិកខាងត្បូង និងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន ក្នុងការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។
លោកបានបញ្ជាក់ថា“ យើងជម្រុញឱ្យប្រទេសទាំងបី អនុវត្តតាមនិន្នាការនៃសម័យកាល និងដើរតួនាទីស្ថាបនានៅក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់”៕ ដោយ ឈូក បូរ៉ា