ព័ត៌មានអន្តរជាតិ

លោកស្រី ត្សៃ អ៊ីងវិន៖តៃវ៉ាន់ មិនប្រឹងប្រែងឲ្យមានការប្រឈមមុខដោយ យោធាទេ

បរទេស៖ស្របពេលមានភាពតានតឹងកើនឡើង ជាមួយប្រទេសចិននោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា តៃវ៉ាន់មិនព្យាយាមឲ្យមានការប្រឈមមុខដាក់គ្នាដោយយោធាទេ ប៉ុន្តែនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារសេរីភាពរបស់ខ្លួន។

កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីមួយផ្នែករបស់ខ្លួននោះ បានរាយការណ៍ថា មានយន្តហោះកងទ័ពអាកាសចិនជិត១៥០គ្រឿង ហោះហើរចូលក្នុងតំបន់កំណត់ការពារដែនអាកាសខ្លួន ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែបេសកកម្មចិនទាំងនោះ បានបញ្ចប់ហើយ។

តាមសេចក្តីរាយការណ៍ តៃវ៉ាន់បានធ្វើការតវ៉ាអស់រយៈពេលជាង១ឆ្នាំហើយ ចំពោះសកម្មភាពចិនបែបនេះ ដែលខ្លួនគិតថា ជាសង្គ្រាមតំបន់ប្រផេះ ដែលបង្កើតឡើង ដើម្បីបំបាក់ទឹកចិត្តកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ និងតេស្តសមត្ថភាពឆ្លើយតបរបស់ពួកគេ។

លោកស្រី ត្សៃ អ៊ីងវិន បានថ្លែងប្រាប់វេទិកាសន្តិសុខនៅទីក្រុងតៃប៉ិដូច្នេះថា “តៃវ៉ាន់មិនព្យាយាមឲ្យមានការប្រឈមមុខដាក់គ្នាដោយយោធាទេ និងសង្ឃឹមមានការរួមរស់ដោយសន្តិភាព ស្ថិរភាព អាចព្យាករទុកមុនបាន និងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយប្រទេសជិតខាងខ្លួន ប៉ុន្តែតៃវ៉ាន់ក៏នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារសេរីភាពនិងបែបរស់នៅតាមលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top