ព័ត៌មានអន្តរជាតិ

សិង្ហបុរី គ្រោងពង្រីកការធ្វើដំណើរ ដោយគ្មានការធ្វើចត្តាឡីស័ក ជាមួយអាមេរិក និងកូរ៉េខាងត្បូង

បរទេស៖ប្រទេសសិង្ហបុរី បានប្រកាសនៅថ្ងៃសុក្រនេះ ពីគម្រោងពង្រីកបន្ថែមទៀត នូវកម្មវិធីធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដែលបច្ចុប្បន្ននេះ រួមបញ្ចូលបុគ្គលចាក់វ៉ាក់សំាងហើយ មកពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។

សិង្ហបុរី ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពនេះ នឹងអនុញ្ញាតឲ្យអ្នកដំណើរដែលចាក់វ៉ាក់សំាងរួចទាំងស្រុង ដែលបានធ្វើតេស្ត PCR អវិជ្ជមានកូវីដ១៩ ធ្វើដំណើររវាងអាកាសយានដ្ឋាន Changi Airport របស់ខ្លួន និងអាកាសយានដ្ឋាន Incheon របស់កូរ៉េខាងត្បូង ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក។

ទីភ្នាក់ងារសារព័ត៌មាន Apa.az បានរាយការណ៍នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងគមនាគមន៍របស់សិង្ហបុរី ការបន្ថែមប្រទេសកូរ៉េខាងត្បូង ចូលទៅក្នុងកម្មវិធីគន្លងផ្លូវធ្វើដំណើរដែលចាក់វ៉ាក់សាំងហើយ ហៅកាត់ថា VTL នេះ នឹងមានប្រសិទ្ធភាពជាធរមានចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ជាមួយគម្រោងដាក់បញ្ចូលសហរដ្ឋអាមេរិក នៅមុនចុងឆ្នាំនេះ។

គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលធ្វើដំណើរនិងទេសចរណ៍ បានចាប់ផ្តើមកម្មវិធីដូចគ្នានេះ សម្រាប់ភ្ញៀវមកពីប្រទេសអាល្លឺម៉ង់និងព្រុយណេ ហើយបច្ចុប្បន្នកំពុងតែធ្វើការងារ ដើម្បីបញ្ចូលសហរដ្ឋអាមេរិក នៅចុងឆ្នាំ៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top