ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោស អាមេរិក និងកាណាដា ដែលបញ្ជូននាវាចម្បាំង ទៅច្រកសមុទ្រតៃវ៉ាន់

បរទេស ៖ យោធាចិន នៅថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការថ្កោលទោស ចំពោះសហរដ្ឋអាមេរិក និងកាណាដា ដែលបញ្ជូននាវាចម្បាំង កាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីសប្ដាហ៍មុន ដោយនិយាយថា វាកំពុងគម្រាមកំហែង ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។

ប្រទេសចិន អះអាងកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យថា ជាទឹកដីខ្លួន និងបានបង្កើនបេសកកម្ម កងទ័ពអាកាស ម្តងហើយម្តងទៀត ចូលទៅក្នុងតំបន់កំណត់ ការពារដែនអាកាសតៃវ៉ាន់ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ធ្វើឲ្យទីក្រុងតៃប៉ិខឹងជាខ្លាំង ។

តាមសេចក្តីរាយការណ៍ ប្រទេសចិន បានបញ្ជូនយន្តហោះប្រមាណ ១៥០គ្រឿង ចូលទៅក្នុងតំបន់ ក្នុងរយៈពេល៤ថ្ងៃជាប់គ្នា ចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា ស្របពេលមានភាពតានតឹង កំពុងកើនឡើង រវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ បង្កឲ្យមានក្តីព្រួយ បារម្ភជាអន្តរជាតិ ។

ទីបញ្ជាការភាគខាងកើត នៃកងកម្លាំង រំដោះប្រជាជនចិន បាននិយាយប្រាប់ថា កងកម្លាំងរបស់ខ្លួន បានធ្វើការឃ្លាំមើល និងបង្កើនស្មារតីការពារ នៅតាមផ្លូវធ្វើដំណើរ និងបានបន្តថា អាមេរិក និងកាណាដាឃុបឃិតគ្នា បង្កហេតុនិងបង្កបញ្ហា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិភាពនិងយុទ្ធសាស្ត្រ នៃច្រកសមុទ្រតៃវ៉ាន់ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top