ព័ត៌មានអន្តរជាតិ

ក្រុមដឹកនាំដោយរុស្ស៊ី បញ្ចប់សមយុទ្ធយោធា នៅជិតព្រំដែន អាហ្វហ្គានីស្ថាន

បរទេស៖ សមយុទ្ធយោធាដឹកនាំដោយរុស្ស៊ី ដែលប្រារព្ធធ្វើឡើង អស់រយៈពេល៦ថ្ងៃ នៅជិតព្រំដែនតាហ្ស៊ីគីស្ថាន និងអាហ្វហ្គានីស្ថាន បង្កើតឡើងដើម្បីបង្ហាញ ការត្រៀមជំហររួចរាល់ របស់ទីក្រុងមូស្គូ ក្នុងកិច្ចការពារទីក្រុង Dushanbe ក្នុងករណីមានការឈ្លានពាន ពីភាគខាងត្បូងមក បានបញ្ចប់នៅថ្ងៃសៅរ៍ម្សិលមិញនេះ។

ចំណងមិត្តភាព របស់ប្រទេសតាហ្ស៊ីគីស្ថាន ជាមួយថ្នាក់ដឹកនាំពួកតាលីបង់ ក្នុងទីក្រុងកាប៊ុល មានការជាប់គាំងគ្មានការចាប់ផ្តើម និងមានការប្រមូលផ្តុំកងកម្លាំងយោធា នៅតាមព្រំដែននៃប្រទេសទាំងពីរ បង្កឲ្យទីក្រុងមូស្គូ ដែលមានមូលដ្ឋានយោធា ក្នុងប្រទេសតាហ្ស៊ី គីស្ថាននោះ មានក្តីព្រួយបារម្ភ។

គួរបញ្ជាក់ថា សមយុទ្ធដែលប្រារព្ធធ្វើឡើង ដោយអង្គការសន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO ដែលរួមមានប្រទេសបេឡារុស អាមេនី កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាននេះ មានការចូលរួមដោយកងទ័ព ចំនួន៤.០០០នាក់ ក៏ដូចជារថក្រោះ កាំភ្លើងធំ និងយន្តហោះចម្បាំង។

អគ្គលេខាធិការនៃអង្គការនេះ គឺលោក Stanislav Zas បានមានប្រសាសន៍ប្រាប់ថា ល្បែងសង្គ្រាមនោះ គឺមានគោលដៅបង្ហាញថា គ្មានការអនុញ្ញាតឲ្យមាន ការឈ្លានពានណាមួយ ចូលក្នុងទឹកដី នៃប្រទេសតាហ្ស៊ីគីស្ថាន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top