ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងបង្កើនការចំណាយថវិកា លើយោធា ដើម្បីជំរុញបង្កើនកិច្ចការពារ ដែនអាកាសនិងសមុទ្រ

បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ គ្រោងនឹងបន្ថែមថវិកា ៦,៧៥ពាន់លានដុល្លារ ទៅលើការចំណាយយោធាប្រចាំឆ្នាំរបស់ខ្លួន ក្នុងដំណើរបង្កើនជំរុញកិច្ចការពារដែនអាកាស និងដែនសមុទ្រ ស្របពេលខ្លួនមានក្តីព្រួយបារម្ភកាន់តែខ្លាំង ស្តីពីការគម្រាមកំហែង បង្កឡើងដោយប្រទេសចិននិងកូរ៉េខាងជើង។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida នៅថ្ងៃសុក្រនេះ បានអនុម័តការចំណាយជាផ្នែក នៃកញ្ចប់ថវិកាបន្ថែម ហើយយោងតាមក្រសួងការពារជាតិជប៉ុន ស្របពេលដែលការបន្ថែម ចំពោះការចំណយលើការពារជាតិបែបនេះ ជាការចំណាយរូមនោះ ប្រាក់ចំនួន៧៧៤ពាន់លានយ៉េន ដែលសមាជិករដ្ឋសភា នឹងត្រូវគេស្នើឲ្យអនុម័ត គឺជាចំនួនប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មាន។

នៅក្នុងសំណើនៃការចំណាយរបស់ខ្លួន ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បាននិយាយយ៉ាងដូច្នេះថា “ស្របពេលដែលបរិយាកាសសន្តិសុខនៅជុំវិញប្រទេសជប៉ុន មានភាពអាក្រក់ឡើងយ៉ាងលឿន មិនធ្លាប់មានពីមុននោះ កិច្ចការបន្ទាន់របស់យើង គឺការពន្លឿនការអនុវត្តនូវគម្រោងផ្សេងៗ”។

គួរបញ្ជាក់ថា ការបន្ថែមថវិកាលើការពារជាតិនេះ នឹងធ្វើឲ្យជប៉ុន មានសន្ទុះលឿនជាង៣ខែ ដែលគ្រោងទុក ក្នុងការធ្វើទំនើបកម្មប្រព័ន្ធបាញ់មីស៊ីល ពីដីទៅអាកាស នៅលើកោះនានាស្ថិតនៅ ជ្រុងនៃដែនសមុទ្រចិនខាងកើត និងប្រព័ន្ធបាញ់មីស៊ីល Patriot PAC-3 នៅទីកន្លែងផ្សេងទៀត ដែលជាជួរចុងក្រោយនៃកិច្ចការពារទប់ទល់ នឹងការវាយប្រហារពីកូរ៉េខាងជើង អាចមានណាមួយ ក្នុងពេលខាងមុខ៕ ប្រែសម្រួលដោយ៖ ប៉ាង កុង

Most Popular

To Top