ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា បណ្តាប្រទេសនៅអ៊ឺរ៉ុប មួយចំនួនបានរឹតបន្តឹងការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ចំពេលមានការព្រួយបារម្ភ អំពីការប្រែប្រួលថ្មីនៃជំងឺកូវីដ-១៩ ។

វីរុសបំប្លែងខ្លួនថ្មីឈ្មោះថា B.1.1.529 ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង ត្រូវបានគេរាយការណ៍ថា អាចឆ្លងបានច្រើនជាងមុន ហើយត្រូវបានចាត់ថ្នាក់ជា “វីរុសក្លាយពូជគួរឲ្យបារម្ភ” ប្រកាសដោយអង្គការសុខភាពពិភពលោក ។
សហភាពអឺរ៉ុប (EU) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនចង់ធ្វើឱ្យអ្វីដែលគេហៅថា “ហ្វ្រាំងសង្គ្រោះបន្ទាន់” ដើម្បីបញ្ឈប់ការធ្វើដំណើរតាមផ្លូវអាកាសពីតំបន់អាហ្វ្រិកខាងត្បូង ដើម្បីពន្យារពេលការរីករាលដាល នៃវីរុសក្លាយពូជនៅអឺរ៉ុប ។

ស្របតាមអនុសាសន៍របស់សហភាពអឺរ៉ុប រដ្ឋាភិបាលអៀរឡង់កាលពីល្ងាចថ្ងៃសុក្រ បានប្រកាសពីការរឹតបន្តឹងថ្មី ទាក់ទងនឹងការធ្វើដំណើរទៅ និងមកពីប្រទេសអាហ្វ្រិកខាងត្បូង សរុបចំនួន៧ប្រទេស ។
រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចំនួន៧រួមមាន Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa និង Zimbabwe ត្រូវបានជ្រើសរើសដោយផ្អែកលើការរកឃើញ ករណីនៃវីរុសបំប្លែងខ្លួនថ្មី ឬភូមិសាស្ត្រ នៅជិតប្រទេសទាំងនោះដែលករណីត្រូវបានរកឃើញ ។

នាយកដ្ឋានកិច្ចការបរទេសរបស់ប្រទេសអៀរឡង់ បានផ្លាស់ប្តូរការណែនាំ អំពីការធ្វើដំណើររបស់ខ្លួនដើម្បី “ជៀសវាងការធ្វើដំណើរដែលមិនសំខាន់” ទៅកាន់ប្រទេសទាំងនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
