ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក-រុស្ស៊ី ពួបពិភាក្សា ខណៈកំពុងតានតឹង លើបញ្ហាអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានជជែកជាមួយ សមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន តាមទូរស័ព្ទ ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង លើបញ្ហាអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ។

លោក បៃដិន បានជំរុញឱ្យរុស្ស៊ី “បន្ថយភាពតានតឹងជាមួយអ៊ុយក្រែន” ហើយលោក បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននឹង “ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពាន អ៊ុយក្រែន បន្ថែមទៀត” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់លេខាធិការសារព័ត៌មាន សេតវិមានលោកស្រី Jen Psaki ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក បៃដិន ក៏បានសម្តែងការគាំទ្រ ចំពោះការទូតផងដែរ ដោយចាប់ផ្តើម នៅដើមឆ្នាំក្រោយ ជាមួយនឹងកិច្ច សន្ទនាស្ថិរភាព ជាយុទ្ធសាស្ត្រទ្វេភាគី នៅអង្គការណាតូ តាមរយៈក្រុមប្រឹក្សា ណាតូ-រុស្ស៊ី និងនៅអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅអឺរ៉ុប។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា លោក បៃដិន បានរំលឹកឡើងវិញថា “វឌ្ឍនភាពសំខាន់ៗ នៅក្នុងការសន្ទនាទាំងនេះ អាចកើតឡើងបានតែនៅក្នុងបរិយាកាស នៃការថយចុះជាជាងការកើនឡើង”។

ការហៅទូរស័ព្ទកាល ពីថ្ងៃព្រហស្បតិ៍ គឺជាការសន្ទនាលើកទីពីរ រវាងលោក បៃដិន និងលោក ពូទីន ក្នុងខែនេះ ។ មេដឹកនាំទាំងពីរបានឲ្យដឹង កាលពីថ្ងៃទី០៧ ខែធ្នូ នៅក្នុងសន្និសីទវីដេអូមួយដែលបានបញ្ចប់ ដោយការសន្យា ដើម្បីចាប់ផ្តើមការពិភាក្សា ការទូតឡើងវិញ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top