ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញាសងសឹកសម្រាប់ការសម្លាប់លោក ប្រសិនបើលោក ត្រាំ មិនត្រូវបានកាត់ទោស

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានទាមទារថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គួរតែប្រឈមមុខនឹងការកាត់ទោស សម្រាប់ការសម្លាប់ បើមិនដូច្នោះទេ ទីក្រុងតេអេរ៉ង់នឹងធ្វើការសងសឹក។

លោក Ebrahim Raisi បានមានប្រសាសន៍យ៉ាងដូច្នេះថា ប្រសិនបើតុលាការកាត់ទោស ដ៏យុត្តិធម៌មួយ ត្រូវបានបង្កើតឡើង សម្រាប់អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo និងឧក្រិដ្ឋជនដទៃទៀត ក្នុងទីដែលពួកគេត្រូវបានកាត់ទោស សម្រាប់ឧក្រិដ្ឋកម្មដ៏គួរឲ្យតក់ស្លុត ហើយពួកគេប្រឈមមុខ នឹងផលវិបាក នៃទង្វើដ៏អាក្រក់ ដូច្នោះវាជារឿងសមគួរ។

លោកបានបន្តថា ប៉ុន្តែប្រសិនបើមិនត្រូវបានកាត់ទោសទេនោះ គឺគ្មានមន្ទិលសង្ស័យឡើយថា ខ្ញុំនឹងប្រាប់ដល់មន្ត្រីអាមេរិកគ្រប់រូបថា កណ្ដាប់ដៃនៃការសងសឹក នឹងលាតសន្ធឹងចេញពីដៃអាវពួកឥស្លាម នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

គួរបញ្ជាក់ថា លោក Qassem Soleimani ដែលជាមេបញ្ជាការនៃកងកម្លាំងពិសេសអ៊ីរ៉ង់ គឺត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងការវាយប្រហារដោយកូនដ្រូនមួយ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បញ្ជាដោយលោក ត្រាំ ដែលជាប្រធានាធិបតីអាមេរិក ក្នុងកាលនោះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top