ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖មីស៊ីលបាញ់ តេស្តកាលពីថ្ងៃពុធ គឺជាមីស៊ីលវាយប្រហារ លឿនជាងសម្លេង

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បងបានយ៉ាងជោគជ័យ នូវមីស៊ីលវាយប្រហារលឿនជាងសម្លេង និងបានវាយប្រហារចំគោលដៅ ដែលស្ថិតនៅចម្ងាយជាង៤០០ម៉ាយ ហើយនេះគឹជាការធ្វើតេស្តមួយ ដែលក្រុមមន្ត្រីនិយាយថា មានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍកម្មវិធីអាវុធបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបស់ប្រទេស។

យោងតាមយោធារបស់ប្រទេសកូរ៉េខាងត្បូង មីស៊ីល ដែលបាញ់តេស្តសាកល្បងនៅព្រឹកថ្ងៃពុធ ពីខេត្ត Jagang ស្ថិតនៅភាគខាងជើងប្រទេសនោះ គឺជាការបាញ់តេស្តសាកល្បងលើកទី២ នូវអាវុធលឿនជាងសម្លេងរបស់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេលត្រឹមតែ៣ខែ។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា ក្បាលគ្រាប់បង្កើនល្បឿនឲ្យលឿនជាងសម្លេង បានផ្តាច់ខ្លួនចេញពីឧបករណ៍ជំរុញល្បឿងរ៉ុកកែត ធ្វើការហោះហើរបន្ទាប់បន្សំថែមចម្ងាយ១២០គីឡូម៉ែត្រ ហើយវាយប្រហារចំគោលដៅដែលកំណត់ទុកនៅចម្ងាយ៧០០គីឡូម៉ែត្រ។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានដដែលនេះបានបន្តដូច្នេះថា “ភាពជោគជ័យជាបន្តបន្ទាប់ ក្នុងការតេស្តសាកល្បង នៅក្នុងវិស័យមីស៊ីលវាយប្រហារលឿនជាងសម្លេងនោះ មានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រ ដោយពួកវាធ្វើការពន្លឿនកិច្ចការសម្រាប់ទំនើបកម្មកងកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្ររបស់ប្រទេស”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top