ព័ត៌មានអន្តរជាតិ

ថៃ អនុម័តកញ្ចប់ថវិកា ជាង៤០០លានដុល្លារ សម្រាប់ការធ្វើទំនើបកម្ម យន្តហោះចម្បាំង

បរទេស៖ មន្ត្រីនាំពាក្យកងទ័ពជើងអាកាសថៃមួយរូប បាននិយាយនៅថ្ងៃពុធនេះថា គណៈរដ្ឋមន្ត្រីថៃ នាពេលថ្មីៗនេះ បានគាំទ្រផែនការទិញយន្តហោះចម្បាំង ៤គ្រឿងបន្ថែមទៀត ចាប់ពីក្នុងឆ្នាំក្រោយទៅ ជាមួយកញ្ចប់ថវិកា ១៣,៨ពាន់លានបាត ស្មើនឹង៤១៣,៦៧លានដុល្លារ។

ការអនុម័តយល់ព្រមលើផែនការនេះ គឺបានកើតមានបន្ទាប់ពីការបង្ហាញ នូវចំណាប់អារម្មណ៍ថ្មីៗនេះ ដោយអគ្គមេបញ្ជាការកងទ័ពអាកាស គឺលោក ក្នុងការទិញយន្តហោះចម្បាំង បំបាំងកាយ F-35 ចំនួន៨គ្រឿង ពីក្រុមហ៊ុនការពារជាតិខ្នាតយក្ស របស់សហរដ្ឋអាមេរិក Lockheed Martin។

អនុសេនាធិការកងទ័ពអាកាស លោក Prapas Sornchaidee ដែលជាមន្ត្រីនាំពាក្យ ឲ្យកងទ័ពអាកាសថៃនោះ បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីបានព្រមព្រៀងគ្នា លើកញ្ចប់ថវិកា សម្រាប់រយៈពេល៤ឆ្នាំ ចាប់ផ្តើមពីក្នុងឆ្នាំ២០២៣ ដើម្បីផ្លាស់ប្តូរជំនួស យន្តហោះចម្បាំងចាស់ៗ F-16 របស់ប្រទេស។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសថៃ មានយន្តហោះចម្បាំង JAS-39 Gripen ដែលផលិតដោយក្រុមហ៊ុនស៊ុយអែត Saab ចំនួន១២គ្រឿង និងយន្តហោះចម្បាំងអាមេរិក F-15 និង F-16 ជាច្រើនគ្រឿង ដែលខ្លះត្រូវបានដាក់ប្រើប្រាស់ ចាប់តាំងពីចុងទសវត្សឆ្នាំ១៩៨០មក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top