ព័ត៌មានអន្តរជាតិ

រុស្ស៊ី បដិសេធដកប្រព័ន្ធមីស៊ីល ចេញពីទីក្រុង Kaliningrad ដោយបញ្ជាក់ថា នេះជាទឹកដីរុស្ស៊ី

បរទេស៖ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ លោក Peskov ត្រូវបានសួរអំពីស្ថានភាពនៃកិច្ចពិភាក្សាស្តីពីសន្តិសុខអឺរ៉ុបរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអង្គការណាតូ ហើយថា តើរដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងពិចារណាដកមីស៊ីល Iskander ដែលជាប្រព័ន្ធផ្លោងរយៈចម្ងាយខ្លីចេញពីរដ្ឋធានី Kaliningrad ដែលជាផ្នែកនៃ កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងឬទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peskov បានឆ្លើយថា «រុស្ស៊ីនឹងមិនពិភាក្សាជាមួយអ្នកណា ដែលដកមីស៊ីលនិងសព្វាវុធណាមួយចេញពី Kaliningrad ទេ ព្រោះរដ្ឋធានី Kaliningrad ជាទឹកដីរបស់រុស្ស៊ី ហើយយើងនឹងមិនអត់ឱនចំពោះការទាមទារណាមួយដែលឲ្យយើងធ្វើវា ឬរឿងនោះនៅលើទឹកដីរបស់យើងឡើយ»។

ទូរទស្សន៍ CNN ក៏បានសួរលោក Peskov អំពី “ការទាមទារ” មួយចំនួនផ្សេងទៀត ដែលលោក Michael McFaul អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី បានចេញផ្សាយនៅលើ Twitter នាពេលថ្មីៗនេះ។ បន្ថែមពីលើការដកមីស៊ីលចេញពី Kaliningrad សំណើរួមមានការដកកងកម្លាំងពីព្រំដែនប្រទេសជិតខាង, ការប្រគល់តំបន់ Crimea ទៅប្រទេសអ៊ុយក្រែនវិញ និង បញ្ឈប់ការគាំទ្រកងកម្លាំងបំបែកខ្លួននៅក្នុងតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ដែលអាជ្ញាធរលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថា គាំទ្រពួកឧទ្ទាម ដែលទីក្រុងម៉ូស្គូបដិសេធ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top