ព័ត៌មានអន្តរជាតិ

អាមេរិក អាចនឹងដាក់ទណ្ឌកម្ម ផ្នែកបុគ្គលទៅលើលោក ពូទីន ប្រសិនបើរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden និយាយថា លោកនឹងពិចារណា លើការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន លើលោក Vladimir Putin ប្រសិនបើរុស្ស៊ីឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បាននិយាយថា វានឹងមាន “ផលវិបាកដ៏ធំសម្បើម” សម្រាប់ពិភពលោក ។ ការអត្ថាធិប្បាយរបស់លោក Joe Biden នេះ បានកើតឡើង នៅពេលដែលមេដឹកនាំ លោកខាងលិចផ្សេងទៀត បានព្រមានម្តងហើយម្តងទៀតថា ប្រទេសរុស្ស៊ីនឹងចំណាយតម្លៃដ៏ធ្ងន់ធ្ងរ សម្រាប់ការឈ្លានពាន។

ចំណែកប្រទេសរុស្ស៊ីវិញ បានចោទអាមេរិកនិងអ្នកដទៃទៀត ពីការបង្កើនភាពតានតឹងជុំវិញបញ្ហានេះ ហើយបដិសេធគម្រោង ចូលលុកលុយអ៊ុយក្រែន ផងដែរ ប៉ុន្តែទោះជាយ៉ាងណា ទីក្រុងម៉ូស្គូបានដាក់ពង្រាយទាហាន ប្រមាណ ១០ ម៉ឺននាក់ នៅជិតព្រំដែនរួចទៅហើយ។

វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមើលឃើញសម្ព័ន្ធមិត្តយោធា លោកខាងលិច ណាតូ ជាការគំរាមកំហែងផ្នែកសន្តិសុខ ហើយកំពុងទាមទារការធានាផ្នែកច្បាប់ថា នឹងមិនបន្ថែមសមាជិកថ្មីបន្ថែមទៀត នៅភាគខាងកើត រួមទាំងប្រទេសជិតខាងអ៊ុយក្រែនផងដែរ។ ប៉ុន្តែអាមេរិកបាននិយាយថា បញ្ហាដែលជាប់ពាក់ព័ន្ធ គឺការឈ្លានពានរបស់រុស្ស៊ី មិនមែនការពង្រីកអង្គការណាតូទេ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top