ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី Zelensky ប្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសថា 24 ម៉ោង​បន្ទាប់ នឹងក្លាយជារយៈពេល ប្រកបដោយគ្រោះថ្នាក់ សម្រាប់អ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់នាយករដ្ឋមន្រ្តី​អង់គ្លេសលោក Boris Johnson កាលពីថ្ងៃអាទិត្យថា “រយៈពេល 24 ម៉ោងបន្ទាប់” នឹងក្លាយជា “រយៈពេលប្រកបដោយគ្រោះថ្នាក់” សម្រាប់អ៊ុយក្រែន ខណៈដែលជម្លោះរបស់ខ្លួន ជាមួយរុស្ស៊ីនៅតែបន្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វិមាន Downing Street បានបង្ហាញនៅក្នុង សេចក្តីថ្លែងការណ៍មួយថា លោក Zelensky បានប្រាប់នាយករដ្ឋមន្រ្តីថា គាត់ “ជឿថា 24 ម៉ោងបន្ទាប់គឺជា រយៈពេលដ៏គ្រោះថ្នាក់សម្រាប់អ៊ុយក្រែន” ខណៈដែល លោក Johnson “បាននិយាយថា គាត់នឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីជួយធានាបាន នូវជំនួយការពារពីចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្ត បានទៅដល់អ៊ុយក្រែន។

លោក Boris Johnson ក៏បាន “សរសើរ” ភាពជាអ្នកដឹកនាំរបស់លោក Zelensky ហើយបាននិយាយថា “ការតស៊ូរបស់ប្រជាជនអ៊ុយក្រែន គឺជាវីរភាព ។

ចំណែករដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បានព្រមានកាលពីថ្ងៃអាទិត្យថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏អាចក្លាយជាជម្លោះរវាងរុស្ស៊ី និងអង្គការណាតូ ប្រសិនបើបណ្តាប្រទេស លោកខាងលិច «មិនក្រោកឈរឡើងចំពោះលោក ពូទីន នៅពេលនេះនោះទេ»៕​ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top