ព័ត៌មានអន្តរជាតិ

ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់តារាសម្ដែង Betty White ស្ថិតនៅក្រោមញញួរ នៃការដេញថ្លៃ

អាមេរិក៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលធ្លាប់ជារបស់តារាកំប្លែងដ៏ល្បីល្បាញលោកស្រី Betty White រួមទាំងនាឡិកាមាសពីម្តាយរបស់នាង នឹងត្រូវដាក់លក់ដេញថ្លៃនាខែកញ្ញា។

រង្វាន់ ផ្ទាំងគំនូរ ស្គ្រីប គ្រឿងអលង្ការ និងសម្លៀកបំពាក់កំរាលព្រំក្រហមពីគេហដ្ឋានរបស់តារាស្រី The Golden Girls ត្រូវបានដាក់តាំងបង្ហាញនៅឯការដេញថ្លៃរបស់ Julien នៅ Beverly Hills កាលពីថ្ងៃអង្គារ ។ លោកស្រី White បានស្លាប់នៅអាយុ ៩៩ ឆ្នាំនៅថ្ងៃទី ៣១ ខែធ្នូ។

លោក Martin Nolan នាយកប្រតិបត្តិនៃ Julien’s Auctions បាននិយាយថា នេះគឺជាការដេញថ្លៃតំណាងឲ្យជីវិត និងអាជីពមិនគួរឲ្យជឿ។ លោកបានបន្ថែមថា របស់ទាំងអស់នេះបានមកពីផ្ទះរបស់នាងនៅ Brentwood ឬផ្ទះរបស់នាងនៅ Carmel ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដែលនាងរស់នៅជាមួយប្តីរបស់នាង Allen Ludden។

យោងទៅតាមលោក Nolan ថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរួមមាននាឡិកាមាសទម្ងន់១៤ ការ៉ាត់ដែលត្រូវបានផ្តល់ជាអំណោយដល់ Betty នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៤0 ជាមួយនឹងអក្សរកាត់ T.C.W. ដែលជាការពិតគឺ Tess White ជាម្តាយរបស់ Betty ។

លោកស្រី White បានចាប់ផ្តើមអាជីពរបស់នាងនៅចុងទសវត្សរ៍ឆ្នាំ ១៩៣0 ហើយនៅឆ្នាំ ១៩៣៩ បានបង្ហាញខ្លួនជាលើកដំបូងទូរទស្សន៍របស់នាង។ នៅឆ្នាំ ១៩៥២ លោកស្រី White មានរឿងភាគទូរទស្សន៍ផ្ទាល់ខ្លួនរបស់នាង Life with Elizabeth ហើយបានបន្តដើរតួជានិមិត្តរូបនៅក្នុង The Mary Tyler Moore Show និង The Golden Girls ៕ដោយ៖លី ភីលីព

Most Popular

To Top