បរទេស៖ យោងតាមការអះអាង របស់មន្ត្រីរដ្ឋាភិបាលចិនម្នាក់កាលពីថ្ងៃចន្ទម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយដោយ rt.com បានឲ្យដឹងថារដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការបញ្ជូនសំភារៈ និងសព្វាវុធមួយចំនួន ទៅកាន់ប្រទេសស៊ែប៊ីតាមរយៈកិច្ចព្រមព្រៀង ជាដៃគូរយៈពេលវែង ជាមួយនឹងប្រទេសក្នុងតំបន់ប៉ាល់កង់។
ទោះបីជាយ៉ាងណាក្តីសកម្មភាព បញ្ជូនអាវុធទាំងនេះ បែរជាត្រូវបានបណ្តាញសារព័ត៌មាន លោកខាងលិច បានព្រមានថាវាគឺជាផែនការពង្រឹងសមត្ថភាព ប្រយុទ្ធរបស់សម្ព័ន្ធមិត្ត នៃប្រទេសរុស្សី ក្នុងគ្រាដែលវិបត្តិជម្លោះនៅអ៊ុយក្រែន កំពុងបន្តនៅឡើយ។
លោក Zhao Lijian ដែលបានថ្លែងប្រាប់ ក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទបានឲ្យដឹងថា យន្តហោះចម្បាំងចិន Y-20 ចំនួន៦គ្រឿង ត្រូវបានធ្វើដំណើរ មកដល់ទីក្រុង Belgrade តាំងតែពីថ្ងៃសៅរ៍ ហើយវាគឺជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិទ្វេភាគី រវាងប្រទេសទាំងពីរប៉ុណ្ណោះ។
លោកបន្តថា៖ ការសម្រេចចិត្តលើកនេះ គឺមិនមានអ្វីពាក់បព័ន្ធឬត្រូវធ្វើឡើង ចំពោះបញ្ហាស្ថានភាពបច្ចុប្បន្ននោះឡើយ ហើយក៏មិនមែន ក្នុងគោលបំណងសំដៅ ទៅលើប្រទេសនិងប្រជាជាតិណាផ្សេង ក្រៅតែពីប្រទេសស៊ែប៊ី៕ ប្រែសម្រួល៖ស៊ុនលី