ព័ត៌មានអន្តរជាតិ

Updated៖ ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវសុំឲ្យព័រទុយហ្គាល់ ផ្តល់អាវុធទំនើបៗ ដើម្បីទប់ទល់នឹងរុស្ស៊ី

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងទៅកាន់សភាព័រទុយហ្គាល់ថា តាមរយៈតំណភ្ជាប់វីដេអូ ដោយបានអំពាវនាវឱ្យប្រទេសព័រទុយហ្គាល់ បញ្ជូន “អាវុធធុនធ្ងន់” និងពង្រឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ។

លោកបានថ្លែងថា “ខ្ញុំដឹងគុណចំពោះឱកាសក្នុងគ្រាដ៏លំបាកនេះ ពីព្រោះអ្នកដឹងពីអារម្មណ៍របស់យើង តស៊ូដើម្បីឯករាជ្យភាពរបស់យើង ប៉ុន្តែក៏ជាការរស់រានមានជីវិតរបស់យើងដែរ” ដោយសំអាងលើអ្វីដែលព័រទុយហ្គាល់បានជួបប្រទះក្នុងប្រវត្តិសាស្ត្រ ។

លោក Zelensky កាលពីថ្ងៃព្រហស្បតិ៍បានពិភាក្សាអំពីជំនួយសម្រាប់អ៊ុយក្រែនជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez និងនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen ។

សេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថា នៅក្នុងកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានី គៀវ របស់អ៊ុយក្រែន ភាគីបានពិភាក្សាលើបញ្ហានៃការពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ការគាំទ្រដល់សមាហរណកម្មអ៊ុយក្រែនទៅក្នុងសហភាពអឺរ៉ុប និងការស្តារឡើងវិញក្រោយមានជម្លោះ ។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការផ្លាស់ប្តូរអ្នកទោសលើកទី៦របស់ពួកគេចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ។

លោក Vereshchuk បានលើកឡើងនៅលើបណ្តាញសង្គម Telegram ថា ទាហានអ៊ុយក្រែន១០នាក់ រួមទាំងមន្រ្តី២នាក់ និងជនស៊ីវិល៩នាក់ដែលត្រូវបានកាន់កាប់ដោយយោធារុស្ស៊ី ត្រូវបានដោះលែង ជាលទ្ធផលនៃការផ្លាស់ប្តូរគ្នា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top