ព័ត៌មានអន្តរជាតិ

Updated៖ អគ្គលេខាធិការ UN ជំរុញឲ្យមានបទឈប់បាញ់គ្នា នៅអ៊ុយក្រែន ទោះបីជាភាគីរុស្ស៊ី បដិសេធក្តី

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បន្តជំរុញឱ្យមានការបញ្ឈប់អរិភាពក្នុងប្រទេសអ៊ុយក្រែន ទោះបីជាបេសកជនរបស់អង្គការសហប្រជាជាតិរុស្ស៊ី បានលើកឡើងថា បទឈប់បាញ់មិនមែនជាជម្រើសដ៏ល្អនៅពេលនេះក៏ដោយ ។

អ្នកនាំពាក្យរងរបស់លោក Guterres គឺលោក Farhan Haq បានលើកឡើងថា “យើងបន្តអំពាវនាវឱ្យមានបទឈប់បាញ់ ឬផ្អាកមួយចំនួន។ អគ្គលេខាធិការបានធ្វើដូច្នេះ ដូចដែលអ្នកបានដឹងហើយថា កាលពីសប្តាហ៍មុន ។ ច្បាស់ណាស់ វាមិនបានកើតឡើងនៅក្នុងពេលវេលាសម្រាប់បុណ្យ Easter នោះទេ” ។

“ខ្ញុំមិនចង់ផ្តល់ព័ត៌មានលម្អិតច្រើនពេកទេនៅដំណាក់កាលនៃសំណើប្រភេទនេះដែលគាត់នឹងមាន។ ខ្ញុំគិតថា យើងមកក្នុងពេលដ៏វិសេសវិសាលណាស់ វាជារឿងសំខាន់ដែលគាត់អាចនិយាយយ៉ាងច្បាស់ជាមួយថ្នាក់ដឹកនាំទាំងសង្ខាង ។ ហើយមើល ថាតើ យើងអាចធ្វើការរីកចម្រើនយ៉ាងណាបាន” គាត់បានប្រាប់ដល់សន្និសីទសារព័ត៌មានប្រចាំថ្ងៃដូច្នេះ ។

“នៅទីបំផុត គោលដៅចុងក្រោយគឺត្រូវបញ្ឈប់ការប្រយុទ្ធគ្នា និងមានមធ្យោបាយកែលម្អស្ថានភាពរបស់ប្រជាជនអ៊ុយក្រែន កាត់បន្ថយការគំរាមកំហែងដែលពួកគេកំពុងស្ថិតនៅក្រោម និងផ្តល់ជំនួយមនុស្សធម៌ (ដល់) ពួកគេ។ គោលដៅដែលយើងកំពុងតែព្យាយាម ហើយមានវិធីមួយចំនួនដែលយើងនឹងព្យាយាមឈានទៅមុខ” ។

លោក Guterres កំពុងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដែលចេញពីប្រទេសតួកគី ។ លោកនឹងជួបពិភាក្សាការងារ និងអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ ហើយនឹងត្រូវបានទទួលដោយប្រធានាធិបតីប្លាឌីមៀ ពូទីន ផងដែរ ។ បន្ទាប់មកលោក Guterres នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ហើយនឹងត្រូវបានទទួលដោយប្រធានាធិបតី Volodymyr Zelensky នៅថ្ងៃព្រហស្បតិ៍ នោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top