រុស្សី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អ្នកប្រើប្រាស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple នៅប្រទេសរុស្ស៊ីបានធ្វើការទាមទារផ្លូវច្បាប់ ដោយទាមទារសំណង ចំនួនទឹកប្រាក់ ៩០ លានរូប្ល ពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។
ក្រុមហ៊ុន Apple បានដាក់កម្រិតសេវាទូទាត់របស់ខ្លួន គឺ Apple Pay នៅប្រទេសរុស្ស៊ីកាលពីខែមុន ដោយសារក្រុមហ៊ុនមួយចំនួន បានកាត់បន្ថយវត្តមានរបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន លើអ៊ុយក្រែន ប៉ុន្តែម្ចាស់ផលិតផល Apple ក្នុងប្រទេសរុស្ស៊ីបានចោទប្រកាន់ថា នេះបានកាត់បន្ថយមុខងារ របស់ឧបករណ៍របស់ពួកគេ និងទម្លាក់តម្លៃរបស់ពួកគេ។
Chernyshov, Lukoyanov & Partners ជាក្រុមហ៊ុនច្បាប់របស់រុស្ស៊ី ដែលធ្វើសកម្មភាពសម្រាប់អ្នកប្រើប្រាស់ បាននិយាយថា សកម្មភាពរបស់ក្រុមហ៊ុន Apple មានភាពអយុត្តិធម៌ និងមានការរើសអើង នៅក្រោមច្បាប់របស់រុស្ស៊ី។
អ្នកទាមទារសំណងក៏កំពុងស្នើសុំសំណង សម្រាប់ការខូចខាតខាងសីលធម៌ ហើយកំពុងអំពាវនាវឲ្យ Apple Pay ស្ដារឡើងវិញក្នុងប្រទេសរុស្ស៊ី។
បណ្តឹងនេះត្រូវបានប្តឹងទៅ តុលាការក្រុងម៉ូស្គូ ហើយក្រុមមេធាវីបាននិយាយថា តួលេខសរុបដែលកំពុងស្វែងរក អាចកើនឡើង នៅពេលអ្នកប្រើប្រាស់កាន់តែច្រើន ចូលរួមក្នុងសកម្មភាពនេះ។ ដៃគូជាន់ខ្ពស់លោក Konstantin Lukoyanov បាននិយាយថា ក្រុមហ៊ុនមេរបស់អាមេរិក Apple បានសម្រេចចិត្តផ្អាកការលក់ផលិតផល Apple និងរឹតបន្តឹងសេវាកម្មដែលផ្តល់ជូន ក្នុងប្រទេសរុស្ស៊ី៕ ដោយ៖លី ភីលីព