ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក លុបចោលការលក់ អាវុធទៅឲ្យតៃវ៉ាន់

ប៉េកាំង ៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែកែតម្រូវនូវទង្វើខុសឆ្គង របស់ខ្លួនក្នុងការលក់អាវុធ ទៅឱ្យតៃវ៉ាន់ ហើយឈប់លេងជាមួយភ្លើង នៅពេលនិយាយអំពីបញ្ហាទាក់ទងនឹងតៃវ៉ាន់ ។

លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការ តៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានធ្វើការកត់សម្គាល់ ជាការឆ្លើយតប ទៅនឹងការសម្រេចចិត្ត របស់ក្រសួង ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ក្នុងការលក់គ្រឿងបន្លាស់នាវាចម្បាំង ទៅឱ្យតៃវ៉ាន់ដែលមាន តម្លៃប្រហែល ១២០លានដុល្លារអាមេរិក។

លោកបានលើកឡើង ការលក់អាវុធ របស់សហរដ្ឋ អាមេរិក ទៅឲ្យតំបន់តៃវ៉ាន់ របស់ចិន បានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិន តែមួយនិង សេចក្ដីថ្លែងការណ៍រួម ចិន-អាមេរិកទាំង៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោក Ma បានព្រមានថា ការប៉ុនប៉ង របស់អាជ្ញាធរគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យក្នុងការប្រើកម្លាំង ដើម្បីទប់ទល់នឹងការបង្រួបបង្រួមជាតិ ឡើងវិញនឹងរុញច្រានជនរួមជាតិតៃវ៉ាន់ ឱ្យធ្លាក់ចូលទៅក្នុងទីជ្រៅ នៃការឈឺចាប់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top