បរទេស៖ ប្រទេសអេស្បាញនឹងពង្រីកកងយន្តហោះចម្បាំង របស់ខ្លួនជាមួយនឹងយន្តហោះចម្បាំង Eurofighter Typhoons ថ្មីចំនួន ២០គ្រឿង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UK Defence journal ។
សេចក្តីប្រកាសដែលបានធ្វើឡើងនៅ ឯពិព័រណ៍អាកាសអន្តរជាតិ ILA Berlin ថ្ងៃនេះនឹងឃើញចំនួនយន្ដហោះប្រយុទ្ធប្រភេទនេះកើនឡើងដល់ ៥៤៥គ្រឿង ។
ការបញ្ជាទិញនេះនឹងឃើញក្រុមហ៊ុន Eurofighter consortium ផ្តល់យន្តហោះសម្រាប់កងទ័ពអាកាសអេស្ប៉ាញ ដែលបំពាក់ដោយរ៉ាដាស្កែនអេឡិចត្រូនិចទំនើបថ្មី ដោយធានាថាវារួចរាល់ជាផ្នែកនៃសមរភូមិនា ពេលអនាគតក្នុងទសវត្សរ៍ឆ្នាំ២០៦០ និងលើសពីនេះ។
BAE Systems ដឹកនាំការរចនារួម ការអភិវឌ្ឍន៍ ការផលិត ធ្វើឱ្យប្រសើរឡើង និងការគាំទ្រសម្រាប់យន្តហោះប្រភេទ Typhoon នៅចក្រភពអង់គ្លេស។ BAE Systems ទទួលខុសត្រូវក្នុងការផលិតគ្រឿង បន្លាស់ច្រើនជាងមួយភាគបីសម្រាប់យន្តហោះអេស្ប៉ាញទាំងអស់ រួមទាំងតួយន្តហោះខាងមុខ និងកន្ទុយរបស់យន្តហោះ ក្រោមកិច្ចសន្យាដែលមានតម្លៃលើសពី ៥០០ លានផោន។
លោក Andrea Thompson នាយកគ្រប់គ្រង – អឺរ៉ុប & អន្តរជាតិសម្រាប់ BAE Systems ‘Air sector និងជាប្រធានក្រុមប្រឹក្សាត្រួតពិនិត្យ Eurofighter បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអេស្បាញ ក្នុងការទិញយន្តហោះ Typhoons បន្ថែម ពង្រឹងជំហររបស់ខ្លួនថាជាយន្តហោះចម្បាំងដ៏ជោគជ័យបំផុតមួយរបស់ពិភពលោក។
លោកបន្ដថា “ជារៀងរាល់ថ្ងៃយើងកំពុង មើលឃើញពីតួនាទីដ៏សំខាន់ដែលវាដើរតួក្នុងការផ្តល់ សន្តិសុខផ្លូវអាកាសនៅលើមេឃលើទ្វីបអឺរ៉ុប ហើយការវិនិយោគនេះ គ្រាន់តែពង្រឹងភាពជាដៃគូអន្តរជាតិដែល Eurofighter គាំទ្រប៉ុណ្ណោះ”៕
ប្រែសម្រួល ឈូក បូរ៉ា