កីឡា

លោក វ៉ាត់ ចំរើន ដឹកនាំគណៈប្រតិភូ កីឡាកម្ពុជាចូលរួម“6th Asain Beach Games Sanya 2026” នៅចិន

ភ្នំពេញ ៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនី ២ ប្រភេទកីឡារបស់ប្រទេសកម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” ដែលប្រព្រឹតទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសធ្វើដំណើរចូលរួម ការប្រកួតខាងលើនេះក៏មានការអញ្ជើញពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រុមកីឡាករ-កីឡាការិនីកីឡាបាល់ទាត់លើតុ ។

កម្ពុជាត្រៀមបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនី ៤ ប្រភេទកីឡាមានចំនួន ៣២ រូបដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន។ ការប្រកួតនេះមាន ១៤ប្រភេទកីឡា និងប្រទេសចូលរួមប្រមាណ ៤៥ ក្នុងតំបន់អាស៊ីដែលមានកីឡាករ-កីឡាការិនីចំនួន ៣,៧៩៨នាក់ចូលរួម។

សម្រាប់កីឡា ៤ ប្រភេទដែលកម្ពុជាបញ្ជូនចូលរួមដូចជា កីឡាចំបាប់ កីឡាទ្រយ៉ាត្លុង កីឡាជីជឺតស៊ូ និងកីឡាបាល់ទាត់លើតុ ។ ប្រភេទកីឡាចំបាប់មានចំនួន ៨ នាក់ កីឡាទ្រយ៉ាត្លុងមានចំនួន ២ នាក់ កីឡាជីជឺតស៊ូមានចំនួន៥ នាក់ និងកីឡាបាល់ទាត់លើតុមានចំនួន ៧ នាក់ និងប្រធាន អនុប្រធានគណៈប្រតិភូ សរុបចំនួន ៣២ រូប។

ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី “Asain Beach Games” ត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០០៨ បន្ទាប់មកព្រឹត្តិការណ៍នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ (២០១០) ទីក្រុងហៃយ៉ាង ប្រទេសចិន (២០១២) ទីក្រុងភូកេត ប្រទេសថៃ (២០១៤) និង ទីក្រុងដាណាង ប្រទេសវៀតណាម (២០១៦)៕

ដោយ៖លី ភីលីព

Most Popular

To Top