ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិន ឆ្លើយតបទៅនឹងទង្វើបង្កហេតុ របស់យន្តហោះយោធាអូស្ត្រាលី និងកាណាដា

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន កាលពីថ្ងៃព្រហស្បតិ៍ បានឆ្លើយតបទៅនឹងទង្វើបង្កហេតុ របស់យន្តហោះយោធាអូស្ត្រាលី និងកាណាដា ហើយបានព្រមានថា អ្នកដែលមិនបានអញ្ជើញនឹងទទួលផល។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការលើកឡើង របស់អូស្ត្រាលី និងកាណាដា ចំពោះអ្វីដែលហៅថា “ការស្ទាក់ចាប់យន្តហោះយោធារបស់ពួកគេ” ដោយយោធាចិន។

លោក Tan បានលើកឡើងថា ភាគីចិនមានភាពយុត្តិធម៌ ក្នុងការចាត់វិធានការឆ្លើយតបដោយបង្ខំ និងបានដោះស្រាយស្ថានការណ៍ប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។

យន្តហោះយោធាអូស្ត្រាលី បានចូលដែនអាកាសនៅជិតប្រជុំកោះ Xisha របស់ប្រទេសចិន សម្រាប់ការឈ្លបយកការណ៍យ៉ាងជិតស្និទ្ធ ហើយបន្តចូលទៅជិតដែនអាកាស នៃកោះ Xisha ដោយមិនយកចិត្តទុកដាក់ ចំពោះការព្រមានម្តងហើយម្តងទៀតរបស់ប្រទេសចិន។  

ហើយយន្តហោះយោធាកាណាដា បានបង្កើនការឈ្លបយកការណ៍យ៉ាងជិតស្និត និងបង្កការញុះញង់ ដល់ភាគីចិន ក្នុងនាមការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ របស់ប្រទេសចិន។

 លោក Tan បានបន្ដថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើបែបនេះ ហើយជំរុញឱ្យប្រទេស ពាក់ព័ន្ធបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 លោកក៏បានជំរុញប្រទេសទាំងនោះ ឱ្យបញ្ឈប់សកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់ប្រទេសចិន និងបង្កើនភាពតានតឹងលើអាកាស និងសមុទ្រ ហើយចាត់វិធានការជាក់ស្តែង ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top