ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានអាមេរិក និងសម្ព័ន្ធមិត្តកុំឱ្យបង្កើតកំហុស នៅក្នុងតំបន់

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ថា “កំហុស” ណាមួយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបង្កវិបត្តិក្នុងតំបន់ នឹងទទួលបានការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ពីអ៊ីរ៉ង់ ដែលនឹងធ្វើឱ្យពួកគេសោកស្តាយ។

លោក Raisi បានឲ្យដឹងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kermanshah ភាគខាងលិច របស់ប្រទេសអ៊ីរ៉ង់ថា “ជាអកុសល ប្រទេសមួយចំនួននៅក្នុងតំបន់ កំពុងឆ្លងកាត់អសន្តិសុខ និងអំពើភេរវកម្មពីលោកខាងលិច និងសហរដ្ឋអាមេរិក ទៅកាន់តំបន់” ។

លោក Raisi បានលើកឡើងថា “អ៊ីរ៉ង់មិនទទួលយកអសន្តិសុខ និងវិបត្តិនៅក្នុងតំបន់នោះទេ ហើយការប្រព្រឹត្តកំហុសណាមួយនៅក្នុងតំបន់នេះ នឹងត្រូវបានឆ្លើយតបជាមួយនឹងការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ និងគួរឱ្យសោកស្តាយ”។

ការកត់សម្គាល់របស់គាត់បានកើតឡើង ចំពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បំពេញទស្សនកិច្ច ទៅកាន់ប្រទេសក្នុងតំបន់ រួមទាំងប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ដែលជាសត្រូវរបស់អ៊ីរ៉ង់ផងដែរ។ ដំណើរ ទស្សនកិច្ច របស់ លោក បៃដិន ត្រូវ បាន គេ ចាត់ ទុក យ៉ាង ទូលំទូលាយ ថា មាន គោល បំណង ទប់ទល់ នឹង ឥទ្ធិពល របស់ អ៊ីរ៉ង់ ក្នុង តំបន់ ។

លោក Raisi បានបន្ដថា អំណាច និងសមត្ថភាពយោធារបស់អ៊ីរ៉ង់ គឺជាការធានាសន្តិសុខសម្រាប់តំបន់ ដោយបន្ថែមថា អន្តរាគមន៍របស់ជនបរទេស រួមទាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់នឹងនាំទៅរកវិបត្តិ និងអសន្តិសុខតែប៉ុណ្ណោះ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top