ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី បណ្តេញមន្ត្រីកំពូលៗ ២រូប ចេញពីតំណែង ជុំវិញការសហការ របស់បុគ្គលិក ក្រោមបង្គាប់ ជាមួយរុស្ស៊ី

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបណ្ដេញឥស្សរជន សំខាន់ពីររូប នៅក្នុងរដ្ឋាភិបាល របស់លោក ដោយចោទសួរ ពីគុណភាព ភាពជាអ្នកដឹកនាំរបស់ពួកគេ និងចោទប្រកាន់ អ្នកក្រោមបង្គាប់របស់ពួកគេ ជាច្រើននាក់ពីបទក្បត់ជាតិ និងសហការជាមួយរុស្ស៊ី។

លោក ហ្សេឡិនស្គី បានឲ្យដឹង នៅក្នុងសុន្ទរកថា វីដេអូពេលយប់របស់លោកថា “ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក អគ្គរដ្ឋអាជ្ញាចេញពីតំណែង និងបណ្តេញចេញពីតំណែង ប្រធានសេវាសន្តិសុខ នៃប្រទេសអ៊ុយក្រែន” ។

មន្ត្រីទាំងពីរ ដែលត្រូវបានបណ្តេញចេញ គឺអគ្គរដ្ឋអាជ្ញា Iryna Venediktova និងប្រធានសេវាសន្តិសុខរដ្ឋ (SBU) Ivan Bakanov ដែលជាសហការីយូរអង្វែង របស់ប្រធានាធិបតី។

លោកហ្សេឡិនស្គី បានលើកឡើងថា មន្ត្រីជាច្រើននៅក្នុងនាយកដ្ឋានទាំងពីរ ត្រូវបានសង្ស័យថា ជាអ្នកប្រព្រឹទ្ធអំពើក្បត់ជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN ។

លោកបានលើកឡើងថា “គិតត្រឹមថ្ងៃនេះ ដំណើរការនីតិវិធីព្រហ្មទណ្ឌចំនួន ៦៥១ករណី ត្រូវបានចុះបញ្ជីទាក់ទង នឹងអំពើក្បត់ជាតិ និងសកម្មភាពសហការ របស់បុគ្គលិក នៃការិយាល័យព្រះរាជអាជ្ញា ស្ថាប័នស៊ើបអង្កេតបណ្តោះអាសន្ន និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top