ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកោះតៃវ៉ាន់ កោតសរសើរនូវការប្តេជ្ញាចិត្តរបស់ យោធាការពារទឹកដីរបស់ខ្លួន ខណៈបញ្ជានៅលើនាវា ចម្បាំងពេលធ្វើសមយុទ្ធ

កោះតៃវ៉ាន់៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានឡើងលើនាវាចម្បាំងកងទ័ពជើងទឹក ជាលើកទី២ក្នុងរយៈពេល៦ឆ្នាំរបស់លោកស្រីដែលកាន់តំណែង ជាកន្លែងដែលលោកស្រីបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់យោធាក្នុងការការពារដែនកោះនេះ ខណៈដែលមើលការខុសត្រូវលើកងទ័ពជើងទឹក និងអាកាសប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួនពេលធ្វើសមយុទ្ធ ។

សមយុទ្ធយោធាដែលក្លែងធ្វើការវាយឆ្មក់នៃកម្លាំងឈ្លានពាន ស្របពេលជាមួយនឹងសមយុទ្ធតាមអាកាសនៅទូទាំងកោះនេះ ខណៈដែលយោធាបង្កើនការត្រៀមខ្លួនប្រយុទ្ធនៅពេលប្រឈមមុខនឹងការកើនឡើងសម្ពាធយោធាពីប្រទេសចិន ។

ការអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងចំពោះកោះដែលខ្លួនអះអាងថា ជារបស់ខ្លួន រួមជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន បានពិភាក្សាជាថ្មីអំពីរបៀបជំរុញការការពារ និងជំរុញឱ្យអាជ្ញាធរបង្កើនការត្រៀមរៀបចំក្នុងករណីមានការវាយប្រហាររបស់ចិន ។

សូមបញ្ជាក់ថា ក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ការប្រើកម្លាំងដើម្បីនាំយកកោះនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ។ ប៉ុន្តែកោះតៃវ៉ាន់បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ហើយប្តេជ្ញាការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ។

ជាផ្នែកមួយនៃសមយុទ្ធ Han Kuang ប្រចាំឆ្នាំរបស់កោះតៃវ៉ាន់ នាវាចម្បាំងចំនួន២០គ្រឿង រួមទាំងនាវាចម្បាំង និងនាវាពិឃាតបានបាញ់ផ្លោងដើម្បីស្ទាក់ចាប់ និងវាយប្រហារកងកម្លាំងដែលចង់ឈ្លានពានពីឆ្នេរសមុទ្រភាគឦសានរបស់កោះតៃវ៉ាន់ ខណៈដែលកងនាវានៃយន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង Ching-kuo ផលិតក្នុងស្រុកបានបើកការវាយប្រហារតាមអាកាស ។

លោកស្រី Tsai ដែលជិះលើនាវាពិឃាដផ្ទុកមីស៊ីល Kidd class របស់អាមេរិក ដែលត្រូវបានបញ្ឈប់ក្នុងដែនទឹក ពីទីក្រុងកំពង់ផែ Suao ត្រូវបានគេឃើញស្លៀកសម្លៀកបំពាក់ក្លែងបន្លំ និងស្វាគមន៍ដោយទាហាន ។

លោកស្រី Tsai បានប្រាប់ដល់ទាហានតាមរយៈការផ្សាយតាមកាប៊ីនថា “សមយុទ្ធដ៏អស្ចារ្យ” បានបង្ហាញពីសមត្ថភាព និងការតាំងចិត្តរបស់ទាហានតៃវ៉ាន់ក្នុងការការពារកោះនេះ ។

លោកស្រីបានឲ្យដឹងទៀតថា “សូមបន្តការពារមាតុភូមិយើងជាមួយគ្នា” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top