ព័ត៌មានអន្តរជាតិ

អាមេរិក អនុម័តលក់ប្រព័ន្ធ ស្ទាក់ចាប់មីស៊ីល Patriot ទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា រដ្ឋបាលលោក បៃដិន បានយល់ព្រមលក់ឧបករណ៍ស្ទាក់ចាប់មីស៊ីល Patriot ទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

កិច្ចព្រមព្រៀងដែលមិនទាន់សម្រេច ដែលរួមមានទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារ ក្នុងវិស័យការពារមីស៊ីល និងការលក់ដែលពាក់ព័ន្ធនោះ កើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី អាមេរិក ចូ បៃដិន ទៅកាន់តំបន់កាលពីខែកក្កដា។

លោក បៃដិន បានទៅធ្វើទស្សនកិច្ច ដោយសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀង ផលិតកម្មប្រេង ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈ នៅពេលដែលអតិផរណា របស់សហរដ្ឋអាមេរិក ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៤០ឆ្នាំ។

ទោះបីជាមានការយល់ព្រមពីក្រសួងការបរទេស ក៏ដោយ ការជូនដំណឹងទៅកាន់សភា សហរដ្ឋអាមេរិក អំពីកិច្ចព្រមព្រៀងនេះមិនបង្ហាញថា កិច្ចសន្យាត្រូវបានចុះហត្ថលេខា ឬថាការចរចាបានបញ្ចប់នោះទេ ។

ជំហាននីតិវិធី នៃការជូនដំណឹងសភា ជាញឹកញាប់ គឺជាការទទួលស្គាល់ ជាសាធារណៈ ដំបូងគេថា កិច្ចព្រមព្រៀងមួយ គឺនៅក្នុងការធ្វើការ ។ អារ៉ាប៊ីសាអូឌីត បានរងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតពីចលនាឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន ។

គួរបញ្ជាក់ថា មន្ទីរបញ្ចកោណបានឲ្យដឹងថា ក្រុមហ៊ុន Raytheon Technologies គឺជាអ្នកម៉ៅការសំខាន់សម្រាប់ប្រព័ន្ធស្ទាក់ចាប់ និងឧបករណ៍ Patriot ដែលអាចមានតម្លៃដល់ទៅ ៣,៥ពាន់លានដុល្លារ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top