ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីស្រាអែល ធ្វើទស្សនកិច្ចនៅអាល្លឺម៉ង់ ចូលរួមពិធីរំលឹកខួប អូឡាំពិកឆ្នាំ១៩៧២

ក្រុងយេរូសាឡឹម៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានចេញដំណើរទៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃនេះជាកន្លែងលោកនឹងចូលរួមពិធី រំឭកដល់អត្តពលិកអ៊ីស្រាអែល ១១ នាក់បានសម្លាប់ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុង Munich ឆ្នាំ ១៩៧២។

លោក Herzog បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំនឹងចាកចេញនៅព្រឹកនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសអាល្លឺម៉ង់ តាមការអញ្ជើញរបស់ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier” ។ លោកបានបន្ថែមថា ផ្នែកសំខាន់នៃដំណើរទស្សនកិច្ចនេះ នឹងក្លាយជាការរំលឹកខួប ៥០ ឆ្នាំនៃការសម្លាប់រង្គាលដ៏គួរឲ្យភ័យខ្លាច នៃអត្តពលិកអ៊ីស្រាអែល១១ នាក់នៅកីឡាអូឡាំពិកទីក្រុង Munich កាលឆ្នាំ ១៩៧២ ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ទៅទីក្រុង Munich បន្ទាប់ពីកិច្ចព្រមព្រៀងសំណង នៅនាទីចុងក្រោយសម្រេចបាន កាលពីសប្តាហ៍មុនរវាងប្រទេសអាល្លឺម៉ង់ និងក្រុមគ្រួសារជនរងគ្រោះអ៊ីស្រាអែល។ សាច់ញាតិបានបាត់បង់ជីវិត ត្រូវបានផ្តល់ជូនចំនួន ២៩ លានដុល្លារអាមេរិក ដោយទីក្រុងប៊ែឡាំង បន្ថែមលើទឹកប្រាក់ចំនួន ៤.៥ លានដុល្លារបានផ្តល់ពីមុនមក។

លោក Ankie Spitzer ដែលប្តីរបស់លោកឈ្មោះ Andre Spitzer ត្រូវបានសម្លាប់ បានប្រាប់ AFP ថា សមាជិកគ្រួសារជនរងគ្រោះ ប្រហែល ៧០នាក់ នឹងត្រូវចូលរួម ពិធីរំលឹកវិញ្ញាណក្ខន្ធ នៅថ្ងៃស្អែក។ គណៈកម្មាធិការអូឡាំពិកអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនគណៈប្រតិភូមួយ ក្រុមទៅគោរពវិញ្ញាណក្ខន្ធថ្ងៃទី ៥ ខែកញ្ញា។

វានឹងប្រារព្ធខួប ៥០ ឆ្នាំចាប់តាំងពីខ្មាន់កាំភ្លើង មកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Black September បានសម្រុកចូលផ្ទះសំណាក់ របស់ក្រុមអ៊ីស្រាអែល។ ពួកគេបានបាញ់សម្លាប់មនុស្ស២នាក់ និងចាប់ខ្លួនមនុស្ស៩នាក់ទៀត ជាចំណាប់ខ្មាំង អ្នកទាំងអស់ត្រូវបានសម្លាប់។ អាល្លឺម៉ង់ត្រូវបានស្តីបន្ទោស ចំពោះការបំផ្ទុះប្រតិបត្តិការមួយ ដើម្បីជួយសង្គ្រោះពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top