ព័ត៌មានអន្តរជាតិ

អាមេរិក បន្ថែមជំនួយដល់អ៊ុយក្រែន សរុបជាទឹកប្រាក់មកដល់ ពេលនេះមានរហូតដល់ ៦ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រធានាធិបតីបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃព្រហស្បតិ៍បានជួបជាមួយ នឹងដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken ដើម្បីពិភាក្សាអំពីជំនួយ របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន។

ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងគៀវ ភាគីទាំងពីរបានជជែកគ្នា អំពីជំនួយផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច និងយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ជាពិសេសជំនួយផ្នែកសន្តិសុខចំនួន ៦៧៥លានដុល្លារអាមេរិក ដែលប្រកាសដោយ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅមុនថ្ងៃនោះ។

លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការសម្រេចចិត្ត នាពេលថ្មីៗនេះក្នុងការផ្តល់ ឱ្យអ៊ុយក្រែននូវជំនួយឥតសំណងចំនួន ៦ពាន់លានដុល្លារ ដែលរួមមានជំនួយសន្តិសុខចំនួន ៣ពាន់លានដុល្លារ និងជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៣ពាន់លានដុល្លារ ដែលផ្តល់តាមរយៈធនាគារពិភពលោក។

និយាយអំពីជំនួយយោធា ពីសហរដ្ឋអាមេរិក លោក ហ្សេឡិនស្គី បានលើកឡើងថា សព្វាវុធរបស់អាមេរិក ជាពិសេសប្រព័ន្ធរ៉ុក្កែតបាញ់បានច្រើនគ្រាប់ HIMARS បានពង្រឹងជំហររបស់អ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី។

លោក ហ្សេឡិនស្គី និង Blinken ក៏បានពិភាក្សាអំពីលទ្ធភាព នៃការបង្កើនការគាំទ្រ ផ្នែកការពារសម្រាប់អ៊ុយក្រែន និងការបើកដំណើរការកម្មវិធី Lend-Lease នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គួរបញ្ជាក់ថា លោក Blinken បានទៅដល់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន នៅមុនថ្ងៃសម្រាប់ដំណើរទស្សនកិច្ច លើកទីពីររបស់លោក ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី – អ៊ុយក្រែន នៅក្នុងខែកុម្ភៈឆ្នាំនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top