បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅបំពេញទស្សនកិច្ចទាំងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងទីក្រុងគៀវប្រទេសអ៊ុយក្រែន ដោយក្នុងនោះមានទាំងការសន្យា ក្នុងការផ្តល់ជំនួយយោធាបន្ថែមប្រមាណជា២,២ពាន់លានដុល្លារថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសក្នុងតំបន់ផងដែរ។
នៅក្នុងជំនួបលើកនេះផងដែរ លោក Blinken បានជួបពិភាក្សាសជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដើម្បីធ្វើការពិនិត្យលំអិតទៅលើកញ្ចប់ថវិកា ជំនួយយោធាលើកនេះដែលក្នុងនោះមាន១ពាន់លានដុល្លារ នឹងត្រូវប្រគល់ផ្ទាល់ឲ្យអ៊ុយក្រែនហើយកញ្ចប់មួយផ្នែកទៀត នឹងផ្តល់ឲ្យប្រទេស នៅក្បែរខាងនៅក្នុងតំបន់ដើម្បីធានាដល់ប្រព័ន្ធការពារជាតិរបស់ពួកគេ។
គួរឲ្យដឹងដែរថាប្រទេសផ្សេងទៀតដែលនឹងទទួលបានកញ្ចប់យោធានេះផងដែរមានដូចជាអាល់បេនីបូស្នៀប៊ុលហ្គារីក្រូអាតឆេកអេស្តូនីក្រិកឡាត់វៀតលីទុយនេស៊ីប៉ូឡូញរ៉ូមេនីនិងប្រទេសជាច្រើនទៀត។
កញ្ចប់ថវិកាយោធាដោយអាមេរិកកាលពីថ្ងៃព្រហស្បតិ៍នេះគឺជាកញ្ចប់ថវិកាលើកទី២ហើយសម្រាប់អ៊ុយក្រែនបន្ទាប់ពីការប្រកាសផ្តល់ជំនួយដោយក្រសួងការពារជាតិអាមេរិកមុននេះបន្តិចប្រមាណជា៦៧៥លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី