ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បញ្ចេញយុគសម័យថ្មីនៃការការពារដែនអាកាស ជាមួយប្រព័ន្ធបាញ់មីស៊ីល NASAMS និង HIMARS

គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានស្វាគមន៍ជំនួយយោធារបស់លោកខាងលិចបន្ថែមទៀត ដែលលោកលើកឡើងថា នឹងជួយអ៊ុយក្រែន ក្នុងការការពារខ្លួនពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

លោក Reznikov បានប្រកាសកាលពីល្ងាចថ្ងៃអង្គារលើបណ្ដាញ Twitter ថាយោធាអ៊ុយក្រែន បានទទួលប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ (HIMARS) ចំនួន ៤គ្រឿងបន្ថែមទៀត ដែលពីមុនត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី។

នៅតាមផ្លូវក៏មានប្រព័ន្ធមីស៊ីលលើផ្ទៃទៅអាកាសកម្រិតខ្ពស់ជាតិ (NASAMS) ដែលមន្ត្រីអ៊ុយក្រែន បានស្វែងរក ដើម្បីការពារប្រឆាំងនឹងមីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ចំ​ពេល​មាន​រលក​នៃ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​សំដៅ​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន។

បន្ថែមពីលើប្រព័ន្ធ NASAMS លោក Reznikov បានលើកឡើងថា អ៊ុយក្រែន បានទទួលប្រព័ន្ធការពារដែនអាកាស IRIS-T ពីប្រទេសអាល្លឺម៉ង់ រួចហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

លោក Reznikov បានបន្ដថា “នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយើងត្រូវការបន្ថែមទៀត។ គ្មានការសង្ស័យទេថា រុស្ស៊ី គឺជារដ្ឋភេរវករ។ មានការចាំបាច់ខាងសីលធម៌ ដើម្បីការពារមេឃលើប្រទេសអ៊ុយក្រែន ដើម្បីជួយសង្គ្រោះប្រជាជនរបស់យើង” ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រកាសនៅមុននេះបន្តិចថា កងកម្លាំងអ៊ុយក្រែន ទូទាំងប្រទេសបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែតស្លាបចំនួន ២១គ្រាប់ និងយន្តហោះដ្រូនចំនួន ១១ គ្រឿងដែលបាញ់ដោយរុស្ស៊ី។

ការវាយប្រហារនេះ គឺជាថ្ងៃទីពីរដែលកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសទៅលើទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងទីក្រុងគៀវ ជាការសងសឹក ចំពោះការផ្ទុះនៅស្ពាន Kerch ដែលតភ្ជាប់ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីកាន់កាប់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top