គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា អភិបាលក្រុង Andriy Sadovyi បានលើកឡើងថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុង Lviv នៅថ្ងៃអង្គារនេះ បានធ្វើឱ្យផ្នែកមួយនៃទីក្រុងភាគខាងលិចអ៊ុយក្រែនគ្មានថាមពលប្រើប្រាស់ ។
សាក្សីមកពីទីភ្នាក់ងារ Reuters ម្នាក់បានរាយការណ៍ពីការផ្ទុះចំនួន៣ដងនៅក្នុងទីក្រុងភ្លាមៗនាពេលរសៀលម៉ោងក្នុងស្រុក ។
លោក Sadovyi បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា “ជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីលចំនួន៣០ភាគរយនៃក្រុង Lviv គឺគ្មានអគ្គិសនីជាបណ្តោះអាសន្ន” ដោយបានបន្ថែមថា ការផ្គត់ផ្គង់ទឹកក៏ត្រូវបានរំខាននៅក្នុងស្រុកចំនួន២នៃទីក្រុងផងដែរ។
ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី ក៏បានប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់ Lviv កាលពីថ្ងៃចន្ទ ។
ក្រសួងការពារជាតិរបស់ខ្លួនបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងយោធារបស់ប្រទេសអ៊ុយក្រែន ។
ក្រសួងការពារជាតិបានឲ្យដឹងថា “គោលបំណងនៃការវាយប្រហារបានសម្រេច ។ គ្រឿងបរិក្ខារដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ” ។
អាជ្ញាធរក្រុងបានឲ្យដឹងកាលពីល្ងាចថ្ងៃចន្ទថា ថាមពលត្រូវបានស្ដារឡើងវិញយ៉ាងទូលំទូលាយនៅក្នុងតំបន់ ប៉ុន្តែអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Yevheniy Yenin បានលើកឡើងថា ការតាំងទីលំនៅមួយចំនួននៅក្នុងតំបន់នៅតែគ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃអង្គារនេះ ។
លោកប្រធានាធិបតី Volodymyr Zelenskyy នឹងស្នើឱ្យមេដឹកនាំនៃក្រុមប្រទេស G7 ផ្គត់ផ្គង់ជាបន្ទាន់ដល់អ៊ុយក្រែននូវអាវុធការពារដែនអាកាស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា