ព័ត៌មានអន្តរជាតិ

របាយការណ៍៖ សហរដ្ឋអាមេរិក គ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 នៅតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី 

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មានអូស្ត្រាលី ហៅកាត់ (ABC) បានរាយការណ៍នៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក គ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានសមត្ថភាពនុយក្លេអ៊ែររហូតដល់៦គ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី ដែលករណីនេះអាចធ្វើឲ្យ មានភាពតានតឹងជាមួយនឹងក្រុងប៉េកាំង ។

កម្មវិធី Four Corners របស់ទីភ្នាក់ងារព័ត៌មាន ABC បានរាយការណ៍ដោយដកស្រង់ឯកសាររបស់សហរដ្ឋអាមេរិកថា គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែកនឹងត្រូវបង្កើតឡើងនៅមូលដ្ឋាន Tindal ដាច់ស្រយាលរបស់កងទ័ពអាកាសអូស្ត្រាលី ដែលមានចម្ងាយប្រហែល៣០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Darwin ដែលជារដ្ឋធានីនៃទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី ។

ការិយាល័យរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ។

របាយការណ៍របស់ ABC បានឲ្យដឹងថា សហរដ្ឋអាមេរិក បានរៀបចំផែនការលម្អិតសម្រាប់អ្វីដែលខ្លួនហៅថា “កន្លែងប្រតិបត្តិការកងអនុសេនាធំ” សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង Northern Territory មជ្ឈមណ្ឌលថែទាំដែលនៅជាប់គ្នា និងកន្លែងចតសម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52s ។

សមត្ថភាពនៃការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអូស្ត្រាលី ដែលជាការផ្ញើសារដ៏ខ្លាំងមួយទៅកាន់សត្រូវអំពីសមត្ថភាពរបស់ក្រុងវ៉ាស៊ីនតោនក្នុងគម្រោងថាមពលអាកាសដ៍សាហាវ ។ កងកម្លាំងអាកាសអាមេរិកត្រូវបានដកស្រង់សម្តីនៅក្នុងរបាយការណ៍បានបញ្ជាក់ដូច្នេះ ។

ដែនដីនៅភាគខាងជើងនៃប្រទេសអូស្ត្រាលី បានរៀបចំកិច្ចសហប្រតិបត្តិការយោធាជាញឹកញាប់ជាមួយសហរដ្ឋអាមេរិករួចហើយ ។ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិករាប់ពាន់នាក់ បានប្តូរគ្នានៅជុំវិញទឹកដីជារៀងរាល់ឆ្នាំសម្រាប់ការហ្វឹកហ្វឺន និងសមយុទ្ធរួមគ្នា ដែលបានចាប់ផ្តើមដំបូងក្រោមការដឹកនាំរបស់ប្រធានាធិបតី អូបាម៉ា ។

កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន៤គ្រឿងទៅកាន់មូលដ្ឋានទ័ពអាកាស Andersen របស់ខ្លួនក្នុងកោះ Guam ៕

Most Popular

To Top