តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់ បានដាក់ទណ្ឌកម្មប្រឆាំង នឹងបុគ្គលអាមេរិកចំនួន ១០នាក់ និងស្ថាប័នចំនួន ៤ ពីបទរំលោភ សិទ្ធិមនុស្ស ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់អ៊ីរ៉ង់ និងញុះញង់ឱ្យមានអំពើហិង្សា និងកុបកម្មនៅក្នុងប្រទេសអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសបានឲ្យដឹងថា ទណ្ឌកម្មត្រូវបានដាក់ ដោយផ្អែកលើច្បាប់ ដែលបានអនុម័តដោយអាជ្ញាធរអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ក៏ដូចជា “ចលនាផ្សងព្រេង និងភេរវករនៅក្នុងតំបន់” ។
បុគ្គលអាមេរិកក្នុងបញ្ជីរួមមាន មេបញ្ជាការបញ្ជាការដ្ឋាន កណ្តាលអាមេរិក (CENTCOM) លោក Michael Kurilla មេបញ្ជាការរងរបស់ CENTCOM លោក Gregory Guillot អនុរដ្ឋលេខាធិការ រតនាគារអាមេរិក Wally Adeyemo និងអ្នកផ្សេងទៀត។
បញ្ជីនៃស្ថាប័នដាក់ទណ្ឌកម្មរួមមាន អង្គការតស៊ូមតិ United Against Nuclear Iran, Central Intelligence Agency, the Ninth Air Force, និងឆ្មាំជាតិរបស់សហរដ្ឋអាមេរិក ។
ទណ្ឌកម្មនឹងហាមឃាត់បុគ្គលគោលដៅ មិនឱ្យទទួលបានទិដ្ឋាការ និងចូលប្រទេសអ៊ីរ៉ង់ ហើយនឹងបង្កកទ្រព្យសម្បត្តិ និងគណនីធនាគារ របស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា