ព័ត៌មានអន្តរជាតិ

បិទប្រតិបត្តិការរុករក សាកសពនៅរដ្ឋ Gujarat ឥណ្ឌាប៉ុន្មានថ្ងៃបន្ទាប់ពី ការបាក់ស្ពានសម្លាប់មនុស្ស ១៣៥នាក់

ញូវដែលី៖ បើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះនៅរដ្ឋ Gujarat ភាគខាងលិចនៃ ប្រទេសឥណ្ឌាបានបិទ ប្រតិបត្តិការរុករកសាកសពក្នុងទន្លេ Machchu ៥ថ្ងៃបន្ទាប់ពីស្ពានព្យួរសម្រាប់ថ្មើរជើង សម័យអង់គ្លេសដែលមានអាយុ មួយសតវត្សរ៍បានបាក់ ដោយបានសម្លាប់មនុស្ស ១៣៥នាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

របាយការណ៍ដកស្រង់ សម្តីមន្ត្រីបាននិយាយថា ការស្វែងរកបានបញ្ឈប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈមិនមានជនរងគ្រោះបន្ថែមទៀត ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅក្នុងសោកនាដកម្មនេះទេ។ មនុស្សសរុបជាង ១00 នាក់បានរងរបួសក្នុងឧបទ្ទវហេតុនេះ ហើយមនុស្ស ១៧៧នាក់ត្រូវបានជួយសង្គ្រោះ។

លោក Gujarat ស្នងការនៃជំនួយសង្គ្រោះ Harshad Patel ត្រូវបានដកស្រង់សម្តីថា បន្ទាប់ពីផ្ទៀងផ្ទាត់ព័ត៌មាន បាននាំយកទៅរដ្ឋបាលស្រុក គ្មាននរណាម្នាក់បាត់ខ្លួន ហើយគ្មានឱកាសក្នុងការ សង្គ្រោះសាកសពទៀតទេ។ ដោយគិតពីកត្តានេះហើយ បន្ទាប់ពីពិភាក្សាជាមួយភ្នាក់ងាររដ្ឋ និងកណ្តាល យើងបានបិទប្រតិបត្តិការជួយសង្គ្រោះ។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានចាប់ផ្តើម កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីស្ពាននេះបានដួលរលំ ដោយបានទម្លាក់មនុស្សរាប់រយនាក់ នៅលើវាចូលទៅក្នុងទន្លេ Machchhu នៅទីក្រុង Morbi ចម្ងាយប្រហែល ២៤១គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Gandhinagar រដ្ឋធានីនៃរដ្ឋ Gujarat ។

បន្ទាប់ពីការបាក់ស្ពាន ភ្នាក់ងារជាច្រើនរួមមាន កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ (SDRF) កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) កងពន្លត់អគ្គីភ័យ កងទ័ពជើងទឹកឥណ្ឌា កងទ័ពអាកាសឥណ្ឌា និងកងទ័ពឥណ្ឌាបាន ចូលរួមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

កាលពីថ្ងៃពុធ រដ្ឋ Gujarat បានសង្កេតឃើញការកាន់ទុក្ខ ទូទាំងរដ្ឋចំពោះអ្នកបាត់បង់ជីវិតចំនួន ១៣៥ នាក់ក្នុងឧបទ្ទវហេតុ។ មនុស្ស៩នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងសោកនាដកម្មនេះ ហើយស្ពានបាក់ជាកន្លែងទាក់ទាញ ភ្ញៀវទេសចរដ៏ពេញនិយមក្នុងតំបន់ ព្រោះវាត្រូវបានបិទ សម្រាប់ការជួសជុលរយៈពេល ៧ខែ មុនពេលបើកជាសាធារណៈឡើងវិញ នៅថ្ងៃទី ២៦ ខែតុលា ជាថ្ងៃចូលឆ្នាំរបស់ Gujarati។

របាយការណ៍បាននិយាយថា មនុស្សប្រហែល 500 នាក់ ដែលលើសពីសមត្ថភាពរបស់ស្ពាន បាននៅលើស្ពានព្យួរនៅពេល វាធ្លាក់ចូលទៅក្នុងទន្លេខាងក្រោម ៕

ដោយ៖ លី ភីលីព

Most Popular

To Top