ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីរុស្ស៊ី និងគុយបា ប្តេជ្ញាថានឹងរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគីឲ្យកាន់តែរឹងមាំ 

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានាធិបតីគុយបា លោក Miguel Diaz-Canel Bermudez បានសម្តែងការត្រៀមខ្លួនរួមគ្នាកាលពីថ្ងៃអង្គារ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ។

“សហភាពសូវៀត និងរុស្ស៊ី តែងតែគាំទ្រប្រជាជនគុយបាក្នុងការតស៊ូដើម្បីឯករាជ្យភាព និងអធិបតេយ្យភាព ។ យើងតែងតែប្រឆាំងនឹងការរឹតបន្តឹង ការហ៊ុមព័ទ្ធ ការបិទផ្លូវជាដើម ។ យើងតែងតែគាំទ្រគុយបាលើវេទិកាអន្តរជាតិ” ។ លោក ពូទីន បានថ្លែងប្រាប់ដល់លោក Diaz-Canel ថ្លែងដូច្នេះនៅពេលជួបប្រជុំគ្នានៅវិមានក្រឹមឡាំង ។

លោកបានប្រាប់ដល់លោក Diaz-Canel ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីថា “ផ្អែកលើមូលដ្ឋានរឹងមាំនៃមិត្តភាព យើងត្រូវតែឆ្ពោះទៅមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងលក្ខខណ្ឌបច្ចុប្បន្ន” ។

លោក Diaz-Canel បានលើកឡើងថា គុយបាកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងតួនាទីរបស់រុស្ស៊ីក្នុងការតម្រង់ទិសពិភពលោកឆ្ពោះទៅរកពហុប៉ូល ហើយចង់បន្តលើកកម្ពស់ទំនាក់ទំនងជាមួយរុស្ស៊ី ។

សូមបញ្ជាក់ថា នៅមុនពេលកិច្ចពិភាក្សារបស់ពួកគេ លោកពូទីន និងលោក Diaz-Canel បានចូលរួមនៅក្នុងពិធីដាក់តាំងបង្ហាញវិមានដល់អតីតមេដឹកនាំគុយបា Fidel Castro នៅទីក្រុងម៉ូស្គូ ៕

Most Popular

To Top