ព័ត៌មានអន្តរជាតិ

អង់គ្លេស ចាប់ផ្តើមបញ្ជូនអាវុធ ប្រភេទចូលនិវត្ត ឲ្យទៅអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃប្រទេសអង់គ្លេសលោក Ben Wallace កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងឡុង នឹងចាប់ផ្តើមធ្វើការបញ្ជូន ឧទ្ធម្ភាគចក្រមួយចំនួន ទៅឲ្យប្រទេស អ៊ុយក្រែន ដោយបញ្ជាក់ថា ឧទ្ធម្ភាគចក្រទាំងនោះ គឺ ជាប្រភេទយន្តហោះ ដែលបើកបរដោយមនុស្ស ជាលើកដំបូងដែលអង់គ្លេស នឹងផ្តល់ឲ្យអ៊ុយក្រែន គិតចាប់តាំងតែពីពេលរុស្សី បើកប្រតិបត្តិការទ្រង់ទ្រាយធំ លើទីក្រុងគៀវកន្លងមក។

យោងតាមប្រភពរបស់ BBC និង The Times ការដឹកជញ្ជូនឧទ្ធម្ភាចក្រទាំងនេះនឹងធ្វើឡើង តាមរយៈនាវាដឹកទំនិញ ។ ឧទ្ធម្ភាគចក្រនប្រភេទ Sea Kings ចំនួន៣គ្រឿងដែលអង់គ្លេស ឈប់ប្រើប្រាស់នឹងត្រូវផ្តល់ ឲ្យអ៊ុយក្រែន ខណៈដែល មួយគ្រឿងគឺបានធ្វើដំណើរ ទៅដល់ប្រទេសអ៊ុយក្រែន រួចទៅហើយ។

ក្រសួងការពារជាតិ កន្លងមកធ្លាប់បានបញ្ជាក់ហើយដែរថា ក្រុមយោធាអ៊ុយក្រែនគឺ បានទទួលការហ្វឹកហាត់ រួចរាល់ហើយជាមួយនឹង ការប្រើប្រាស់ឧទ្ធម្ភាគចក្រទាំងនេះ នៅក្នុងប្រទេសអង់គ្លេស ដែលជាប្រភេទសំភារៈយោធា ប្រើប្រាស់ក្នុងប្រតិបត្តិការសម្រាប់
តែការជួយសង្គ្រោះប៉ុណ្ណោះ ។

គួរឲ្យដឹងដែរថា Sea King គឺជាឧទ្ធម្ភាគចក្រ ដែលបានផលិតឡើង ចេញពីម៉ូដេល Sikorsky S-61 របស់អាមេរិក និងធ្លាប់បានបំពេញ ការងារដំបូងតាំង តែពីឆ្នាំ១៩៦៩ មានសមត្ថភាពពិសេស ដើម្បីទប់ទាល់នឹង នាវាមុជទឹកផង និងការជួយប្រតិបត្តិការ ប្រកាសអាសន្ន ជាមុនផង ប៉ុន្តែវាត្រូវបានអង់គ្លេសប្រកាស ដាក់ឲ្យចូលនិវត្តតាំងតែពីឆ្នាំ២០១៨មកម្ល៉េះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top