ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ជាថ្មីថា មិន​បានបញ្ជូន​សម្ភារៈ​យោធា ទៅក្នុង​ជម្លោះ​រុស្ស៊ី និង ​អ៊ុយក្រែននោះឡើយ

តេអេរ៉ង់ ៖ អ៊ីរ៉ង់​បាន​បញ្ជាក់​ជាថ្មី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះថា ខ្លួន​មិន​បាន​បញ្ជូន​ឧបករណ៍យោធា ​ទៅ​ភាគី​ណា​មួយ​ក្នុង​ជម្លោះ​រុស្ស៊ី​និង​អ៊ុយក្រែន​នោះ​ទេ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍ ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង ​ការបរទេស​អ៊ីរ៉ង់ ។

សេចក្តីថ្លែងការណ៍ របស់ក្រសួងបានឲ្យដឹងថា ការកត់សម្គាល់ របស់អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង “ការចោទប្រកាន់ម្តងហើយម្តងទៀត” របស់ប្រធានាធិបតី អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី នៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ។

លោក Kanaani បានលើកឡើងដោយព្រមាន លោក ហ្សេឡិនស្គី ថា “អ៊ីរ៉ង់តែងតែគោរពបូរណភាពទឹកដី នៃប្រទេសទាំងអស់ រួមទាំងអ៊ុយក្រែន” ដោយបានព្រមានថា “មានដែនកំណត់ ចំពោះការអត់ធ្មត់របស់អ៊ីរ៉ង់ ជាមួយនឹងការចោទប្រកាន់ ដែលគ្មានមូលដ្ឋានបែបនេះ” ។

ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ថា បានបញ្ជូនយន្តហោះដ្រូនអត្តឃាត ទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះ នៅអ៊ុយក្រែន ប៉ុន្ដែអ៊ីរ៉ង់​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​ជា​ញឹកញាប់​ថា ​ជាការចោទប្រកាន់គ្មាន​មូលដ្ឋាន ៕

Most Popular

To Top