ព័ត៌មានអន្តរជាតិ

លោក បៃដិន បដិសេធដែលថា អាមេរិក កំពុងពិភាក្សាការសមយុទ្ធ នុយក្លេអ៊ែរ ជាមួយកូរ៉េខាងត្បូង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនបានកំពុងពិភាក្សា អំពីសមយុទ្ធ នុយក្លេអ៊ែររួមគ្នា ជាមួយកូរ៉េខាងត្បូងនោះទេ ដែលការបញ្ជាក់របស់លោក ហាក់ដូចជាផ្ទុយទៅនឹងការកត់ សម្គាល់របស់សមភាគី កូរ៉េខាងត្បូងលោក Yoon Suk-yeol ដែលថាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល កំពុងពិភាក្សាគ្នាលើសមយុទ្ធ ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ។

ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន កំពុងពិភាក្សាគ្នាលើការធ្វើផែនការ និងសមយុទ្ធរួមគ្នា ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការគំរាមកំហែង នុយក្លេអ៊ែររបស់កូរ៉េខាងជើង។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មាន នៅសេតវិមានកាលពីថ្ងៃចន្ទថា តើគាត់កំពុងពិភាក្សាអំពីសមយុទ្ធ នុយក្លេអ៊ែររួមគ្នាជាមួយ កូរ៉េខាងត្បូងដែរឬទេ លោក បៃដិន បានលើកឡើងថា “ទេ” ។

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Yoon នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Chosun Ilbo កាលពីថ្ងៃច័ន្ទ បានកើតឡើងនៅពេលដែលមាន ភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសកូរ៉េខាងជើង ដែលបានបាញ់ សាកល្បងមីស៊ីល ផ្លោងជាច្រើនដែលមិនធ្លាប់មាន ពីមុនមកក្នុងឆ្នាំ២០២២ ហើយបានសន្យាថា នឹងប្រឆាំងយ៉ាងខ្លាំងក្លានូវអ្វី ដែលខ្លួនចាត់ទុកជាយោធា។ រៀបចំផែនការដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង សម្រាប់ការលុកលុយដែលអាចកើតមាន ។

ជាការឆ្លើយតបទៅនឹងការវាយលុក របស់កូរ៉េខាងជើង លោក Yoon បានប្រកាន់ជំហរតឹងតែងកាន់តែខ្លាំងឡើង ហើយបានអំពាវនាវឱ្យមាន “ការរៀបចំសង្រ្គាម” ជាមួយនឹងសមត្ថភាព វាយប្រហារដ៏ “លើសលប់” ។

កាសែតនេះបានដកស្រង់សម្តីលោក Yoon ដោយលើកឡើងថា ការធ្វើផែនការ និងសមយុទ្ធរួមនឹងមានគោលបំណងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនៃ “ការរារាំងបន្ថែម” របស់សហរដ្ឋអាមេរិក ដែលសំដៅលើសមត្ថភាព របស់យោធាសហរដ្ឋអាមេរិក ជាពិសេសកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារ លើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ៕

Most Popular

To Top