តូក្យូ ៖ ក្រុមហ៊ុនបាននិយាយ កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតរថយន្តបារាំង Renault នឹងកាត់បន្ថយភាគហ៊ុន របស់ខ្លួនក្នុងភាពជាដៃគូជប៉ុនជាមួយ Nissan ជាផ្នែក នៃកិច្ចព្រមព្រៀង ធ្វើឲ្យមានតុល្យភាពឡើងវិញ នូវសម្ព័ន្ធភាពដ៏រឹងមាំ រវាងក្រុមហ៊ុនទាំង២ ។
កិច្ចព្រមព្រៀងនេះ ក៏នឹងឃើញក្រុមហ៊ុន Nissan ចូលហ៊ុនក្នុងការបណ្តាក់ទុន រថយន្តអគ្គិសនីថ្មីរបស់ Renault Ampere ទោះបីជាទំហំ នៃការវិនិយោគមិនត្រូវ បានប្រកាសភ្លាមៗក៏ដោយ ។ កិច្ចព្រមព្រៀងនេះកើតឡើង បន្ទាប់ពីការចរចារដ៏លំបាកជាច្រើនខែ និងការពន្យារ ពេលម្តងហើយម្តងទៀត ខណៈ ក្រុមហ៊ុនទាំង២ បានព្យាយាមកំណត់ឡើងវិញ នូវសម្ព័ន្ធភាពមានអាយុកាលជាច្រើន ទសវត្សរ៍របស់ពួកគេបន្ទាប់ពីភាព តានតឹងជាច្រើនឆ្នាំ ។
ក្រុមហ៊ុនផលិតរថយន្ត បានហៅការ ប្រកាសកាលពីថ្ងៃចន្ទថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការពិភាក្សា អំពីការកំណត់ មូលដ្ឋានគ្រឹះថ្មី សម្រាប់ភាពជាដៃគូរបស់ពួកគេ ។ កិច្ចព្រមព្រៀងនេះមានគោលបំណង ពង្រឹងទំនាក់ទំនងនៃសម្ព័ន្ធភាព និងបង្កើនការបង្កើតតម្លៃជាអតិបរមា។ ក្រុមហ៊ុន Renault នឹងកាត់បន្ថយភាគហ៊ុន របស់ខ្លួនពី ៤៣.៤ ភាគរយទៅ ១៥ ភាគរយជាទំហំដូចគ្នាទៅនឹងភាគហ៊ុន របស់ក្រុមហ៊ុន Nissan ក្នុងសមភាគីបារាំងរបស់ខ្លួន ដោយក្រុមហ៊ុនបាននិយាយថា នឹងបង្កើតអភិបាល កិច្ចប្រកបដោយតុល្យភាព ។
ក្រុមហ៊ុន Nissan នឹងវិនិយោគ ក្នុងក្រុមហ៊ុន Ampere ដោយមានបំណង ក្លាយជាដៃគូ យុទ្ធសាស្ត្រឲ ដោយមិនបានបញ្ជាក់ ពីទំហំភាគហ៊ុនរបស់ក្រុមហ៊ុន ផលិតរថយន្ត ជប៉ុននោះទេ ។ កាលខែវិច្ឆិកា ក្រុមហ៊ុន Renault បានប្រកាសថា ខ្លួននឹងបំបែកប្រតិបត្តិការ របស់ខ្លួនជា២គឺ Ampere និងក្រុមហ៊ុន បុត្រសម្ព័ន្ធដាច់ដោយឡែក សម្រាប់រថយន្តសាំង ប្រេងម៉ាស៊ូត និងរថយន្ត Hybrid នឹងភ្ជាប់ជាមួយរថយន្ត Geely របស់ប្រទេសចិន៕