ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង ព្រមានដល់សហរដ្ឋអាមេរិក ដោយធ្វើការបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លី ចំនួន២គ្រាប់

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួន ២គ្រាប់ ខណៈដែលប្អូនស្រី ដ៏មានឥទ្ធិពលរបស់មេដឹកនាំគីម ជុងអ៊ុន បានព្រមានកងកម្លាំង សហរដ្ឋអាមេរិក ឱ្យបញ្ឈប់សមយុទ្ធយោធា ដោយបានលើកឡើងថា រដ្ឋនុយក្លេអ៊ែរផ្តាច់មុខអាចប្រែក្លាយតំបន់ នៅមហាសមុទ្រប៉ាស៊ីហ្វិកទៅជា “ទីតាំងបាញ់បង្ហោះ” ។
ការបាញ់បង្ហោះនេះ ធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង អន្តរទ្វីប ហៅកាត់ថា (ICBM) ចូលទៅក្នុងសមុទ្រ នៅឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសជប៉ុន ដែលជំរុញឱ្យសហរដ្ឋអាមេរិក ធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ជាមួយកូរ៉េខាងត្បូង និងដាច់ដោយឡែក ជាមួយប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានបញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីលចំនួន២គ្រាប់ ចេញពីគ្រាប់រ៉ុក្កែតច្រើនគ្រាប់ សំដៅទៅកាន់គោលដៅ ចម្ងាយ៣៩៥គីឡូម៉ែត្រ និងចម្ងាយ៣៣៧គីឡូម៉ែត្រ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សព្វផ្សាយថា “គ្រាប់រ៉ុក្កែតច្រើនទំហំ៦០០ មីលីម៉ែត្រ ដែលចល័តក្នុងការបាញ់នោះ គឺជាមធ្យោបាយ នៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ” ដែលមានសមត្ថភាព “នឹងថ្កល់” នៅលើអាកាសយានដ្ឋានរបស់សត្រូវ ។

ក្រុមអ្នកវិភាគបានឲ្យដឹងថា ការព្រមានអំពីមហាសមុទ្រ ប៉ាស៊ីហ្វិកដែលជាតំបន់បាញ់របស់កូរ៉េខាងជើង ពីប្អូនស្រីរបស់មេដឹកនាំគីម គឺលោកស្រី គីម យ៉ូជុង អាចជាសញ្ញា នៃផែនការបាញ់មីស៊ីលបន្ថែមទៀត ដែលអាចជាទិសដៅទៅកាន់ទឹកដី អាមេរិកនៃកោះ Guam ។

ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា មីស៊ីលទាំង២នេះ បានបាញ់នៅម៉ោង ប្រហែល២២និង០០នាទីម៉ោង សកលបានឈានដល់រយៈកម្ពស់ អតិបរមាប្រហែល១០០គីឡូម៉ែត្រ និង៥០គីឡូម៉ែត្រ ហើយបានធ្លាក់នៅខាងក្រៅ តំបន់ EEZ របស់ប្រទេសជប៉ុន ៕

Most Popular

To Top