ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីថ្មីវៀតណាម ប្តេជ្ញាអនុវត្តតាមមនោគមវិជ្ជា របស់មេដឹកនាំ ហូ ជីមិញ

ហាណូយ៖ ក្នុងសុន្ទរកថាក្នុងការចូលកាន់តំណែង ប្រធានរដ្ឋគឺលោក Thưởng បានថ្លែងអំណរគុណចំពោះ រដ្ឋសភាចំពោះ ការទុកចិត្ត និងបានផ្តល់ឱកាសឱ្យលោកបម្រើមាតុភូមិ និងប្រជាជនក្នុងតួនាទីនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Võ Văn Thưởng បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការមជ្ឈិមបក្ស, អគ្គលេខាបក្ស លោក Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដែលបានជឿជាក់លើរូបលោក និងផ្តល់អនុសាសន៍ចំពោះមុខតំណែងនេះ។

លោក Thưởng បាននិយាយថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាទំនួលខុសត្រូវដ៏ធ្ងន់មួយសម្រាប់លោក ដោយសម្តែង នូវការគោរព និងដឹងគុណដ៏វិសេសវិសាលចំពោះបិតាស្ថាបនិកនៃប្រទេសវៀតណាម លោក ហូ ជីមិញ ។

លោកបានប្តេជ្ញាថា នឹងបន្តសិក្សានិងអនុវត្តតាមមនោគមវិជ្ជា សីលធម៌ និងរបៀបរស់នៅរបស់ប្រធាន ហូ ជីមិញ។

លោកបានបន្ថែមថា វៀតណាមកំពុងខិតខំក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប ចំណូលមធ្យម កម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ជាមួយនឹងទិសដៅសង្គមនិយមនៅឆ្នាំ២០៤៥ ដែលជាខួបលើកទី១០០ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top