ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-35 របស់អាមេរិក កំពុងហោះហើរជួបនឹងបញ្ហាម៉ាស៊ីន ត្រូវការជួសជុលឡើងវិញរយៈពេល៣ខែ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា យន្តហោះចម្បាំង F-35 នឹងត្រូវបានជួសជុលឡើងវិញ ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីដោះស្រាយបញ្ហារំញ័ររបស់ម៉ាស៊ីន ។ នេះបើយោងតាមការដកស្រង់ ពីការិយាល័យកម្មវិធីរួម F-35 (JPO)បានបញ្ជាក់ដូច្នេះ ។

ការិយាល័យបានចេញសេចក្តីណែនាំ មួយកាលពីសប្តាហ៍មុន ដោយរៀបរាប់លម្អិតអំពីនីតិវិធីជួសជុលឡើងវិញសម្រាប់យន្តហោះនៅទូទាំងពិភពលោក ។

ការិយាល័យនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខណៈដែលយន្តហោះមួយចំនួនតូចត្រូវបានរងផលប៉ះពាល់ដោយប្រតិកម្មអាម៉ូនិក ផែនការនេះគឺដើម្បីជួសជុលយន្តហោះទាំងអស់ឡើងវិញ” ។

ចំពោះការដឹកជញ្ជូនយន្តហោះ F-35 ត្រូវបានបញ្ឈប់នៅក្នុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីមានករណីធ្លាក់យន្តហោះចម្បាំងមួយនៅក្នុងទីក្រុង Fort Worth រដ្ឋតិចសាស់ ដែលនាំទៅដល់ការចុះចត នៃយន្តហោះមួយចំនួនទៀត ។

ការស៊ើបអង្កេតបានរកឃើញបញ្ហារំញ័រ នៅក្នុងម៉ាស៊ីន ដែលនាំទៅរកឧប្បត្តិហេតុ ហើយ JPO បានលើកឡើងថា ជា “ការកើតឡើងដ៏កម្រ” ហើយវិស្វករបានបង្កើតការ ជួសជុលសម្រាប់យន្តហោះនេះ ។

យន្តហោះ F-35 ដែលជាយន្តហោះចម្បាំងបំបាំង កាយជំនាន់ទី៥ ដែលត្រូវបានចែកចាយជា៣ទម្រង់ គឺជាកម្មវិធីអាវុធថ្លៃបំផុតរបស់ពិភពលោក ជាមួយនឹងតម្លៃពេញមួយ ជីវិតប៉ាន់ស្មានចំនួន១,៦ពាន់ពាន់លានដុល្លារអាមេរិកឯណោះ ។

សមាជិកសភាអាមេរិកលោក Adam Smith បានថ្លែងកាលពីខែមីនា ឆ្នាំ២០២១ថា គាត់គិតថា F-35 គឺជាវេទិកាដែលមានតម្លៃថ្លៃហួសហេតុ ជាមួយនឹងសមត្ថភាពដ៏គួរ ឱ្យខកចិត្តនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top