ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គ្រោងនឹងបាញ់ បង្ហោះផ្កាយរណប ចំនួន២ទៅកាន់ទីលំហ ដោយមានការចូល សហការពីរុស្ស៊ី

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ ហៅកាត់ថា (ISNA) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ គ្រោងនឹងបាញ់បង្ហោះផ្កាយរណបក្នុងស្រុកចំនួន២ ទៅកាន់ទីអវកាស ដោយសហការជាមួយ ប្រទេសរុស្ស៊ីក្នុងខែធ្នូ ឆ្នាំ២០២៣ ។

របាយការណ៍បានដាក់ថា ផ្កាយរណប Kowsar និង Hodhod ដែលត្រូវបានបង្កើតឡើង ដោយសម្ព័ន្ធក្រុមហ៊ុនអ៊ីរ៉ង់ ដែលមានមូលដ្ឋានលើចំណេះដឹង ត្រូវបានគេគ្រោង នឹងបញ្ជូនទៅកាន់គន្លងតារាវិថី ដែលមានចម្ងាយ៥០០គីឡូម៉ែត្រពី លើផ្ទៃផែនដីដោយប្រើគ្រាប់រ៉ុក្កែត បាញ់បង្ហោះបរទេស ។

ផ្កាយរណប Kowsar គឺជាផ្កាយរណបសង្កេត ដែលមានកម្រិតរូបភាព៣,៥ម៉ែត្រ ក្នុងមួយភីកសែល ដែលអាចត្រូវបានប្រើ សម្រាប់គោលបំណងកសិកម្ម ការស្ទង់ទិន្នន័យ និងការបោះបង្គោលព្រំដែន ។ ផ្កាយរណបនេះមានអាយុកាលគន្លង២ឆ្នាំ ។

យោងតាមរបាយការណ៍បានដាក់ថា ផ្កាយរណប Hodhod បានប្រើប្រាស់នៅក្នុងតំបន់នៃ Internet of Things ក៏ដូចជាវិស័យកសិកម្ម ការដឹកជញ្ជូន និងការគ្រប់គ្រងវិបត្តិ ។

ដោយដកស្រង់សម្តីពីលោក Hossein Shahrabi ប្រធានក្រុមហ៊ុន Kowsar Space Consortium សារព័ត៌មាន ISNA បានរាយការណ៍ថា កិច្ចសន្យាសម្រាប់ការបាញ់ បង្ហោះផ្កាយរណបត្រូវបានចុះ ហត្ថលេខារួចហើយ ។

សារព័ត៌មាន ISNA បានរាយការណ៍កាលពីខែកុម្ភៈ ឆ្នាំ២០២២ថា ផ្កាយរណប Kowsar បានឈានដល់ដំណាក់កាលសាកល្បង និងការផ្គុំគ្នា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍រយៈពេល២ឆ្នាំ ដោយសម្ព័ន្ធមិត្ត ៕

Most Popular

To Top