ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បញ្ជាក់ថា ការបាញ់មីស៊ីល ផ្លោងឆ្លងទ្វីបរបស់ខ្លួន ជាការឆ្លើយតប ទៅនឹងការធ្វើសមយុទ្ធយោធា រវាងអាមេរិក និងកូរ៉េខាងត្បូង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ការបាញ់មីស៊ីលដែលខ្លួនបានបាញ់ គឺជាមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 (ICBM) ដែលត្រូវបានបាញ់នៅក្នុងអំឡុងពេលសមយុទ្ធដើម្បីបង្ហាញពី “ជំហរឆ្លើយតបដ៏តឹងតែង” ចំពោះសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងបន្តធ្វើឡើង ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងដូច្នេះ ។

រូបថតដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ប្រទេសនេះ បានបង្ហាញថា លោក គីម ជុងអ៊ុន កំពុងមើលការបាញ់បង្ហោះ ជាមួយកូនស្រីរបស់គាត់ ហើយរួមបញ្ចូលរូបភាពពីលំហអាកាស ដែលទំនងជា ត្រូវបានថតដោយកាមេរ៉ាដែលបំពាក់នៅលើមីស៊ីលនោះ ។

គេបានដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីល ICBM ចូលទៅក្នុងសមុទ្ររវាងឧបទ្វីបកូរ៉េ និងជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ នៅប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ សម្រាប់កិច្ចប្រជុំកំពូលដែល ពិភាក្សាអំពីវិធីដើម្បីទប់ទល់នឹងកូរ៉េខាងជើង ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានផ្សព្វផ្សាយថា “សមយុទ្ធបាញ់បង្ហោះអាវុធយុទ្ធសាស្ត្រនេះ ដើរតួជាឱកាសមួយដើម្បី ផ្តល់ការព្រមានកាន់តែខ្លាំងដល់សត្រូវដែលបង្កើន ភាពតានតឹងក្នុងឧបទ្វីបកូរ៉េដោយចេតនា ខណៈដែលកំពុងបន្តប្រើការគំរាមកំហែង ខាងយោធាដែលមិនទទួលខុសត្រូវនិងមិនប្រុងប្រយ័ត្ន” ។

គ្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ត្រូវបានហាមឃាត់ក្រោមដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) ហើយការបាញ់បង្ហោះនេះបានទាក់ទាញការថ្កោលទោស ពីរដ្ឋាភិបាលនៅក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូ ៕

Most Popular

To Top