ព័ត៌មានអន្តរជាតិ

លោក ហ្ស៊ី នឹងជួបជាមួយលោក ពូទីន នៅសប្តាហ៍ក្រោយ

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបានឲ្យដឹងថា លោក ហ្ស៊ី ជិនពីងប្រធានាធិបតីចិន នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ នៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ។


វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំទាំង២នឹងជួបពិភាក្សាអំពី ”ភាពជាដៃគូទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ” ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី បានផ្តល់សំណើដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលលោកខាងលិចបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ ។

បណ្តាប្រទេសលោកខាងលិចបានព្រមានក្រុងប៉េកាំងប្រឆាំងនឹងការផ្គត់ផ្គង់អាវុធដល់ក្រុងម៉ូស្គូ ។

ក្រសួងការបរទេសរបស់ក្រុងប៉េកាំងបានឲ្យដឹងថា លោក ហ្ស៊ី នឹងនៅក្នុងប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា តាមការអញ្ជើញរបស់លោក ពូទីន ។

“ឯកសារទ្វេភាគីសំខាន់ៗ” មួយចំនួនត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខា ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បី​ពង្រឹងទំនុកចិត្តទ្វេភាគី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top