ម៉ូស្គូ៖ មន្ត្រីអាមេរិកឲ្យដឹងថា ជើងហោះហើរឃ្លាំមើលនៅសមុទ្រខ្មៅ បានដំណើរការឡើងវិញ ទោះបីជារុស្ស៊ីបានទម្លាក់យន្តហោះដ្រូនធុន MQ-9 Reaper ក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានផ្តល់រង្វាន់រដ្ឋដល់អ្នកបើកបរយន្តហោះចម្បាំងពីររូប ដែលពាក់ព័ន្ធនឹងការទម្លាក់យន្តហោះដ្រូនស៊ើបការណ៍របស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ ខណៈដែលមន្ត្រីសហរដ្ឋអាមេរិកបានប្រកាសថា ជើងហោះហើរចារកម្មរបស់ខ្លួននៅក្នុងតំបន់បានដំណើរការឡើងវិញ។
ការបង្ហាញរង្វាន់កាលពីថ្ងៃសុក្រដល់អាកាសយានិកយន្តហោះចម្បាំង Su-27 រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានកោតសរសើរ ចំពោះសមិទ្ធិផលរបស់ពួកគេក្នុងការរារាំងយន្តហោះដ្រូន មិនឱ្យហោះហើរចូលទៅក្នុងតំបន់ក្បែរគ្រីមៀ ដែលទីក្រុងម៉ូស្គូ បានហាមឃាត់ការចូល។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុហងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដ្រូនបានហោះហើរជាមួយនឹងឧបករណ៍បញ្ជូនរបស់វាចេញ ដោយបំពានព្រំដែននៃតំបន់នៃរបបប្រើប្រាស់ដែនអាកាសបណ្តោះអាសន្ន ដែលបង្កើតឡើងសម្រាប់ប្រតិបត្តិការយោធាពិសេស និងទាក់ទងទៅកាន់អ្នកប្រើប្រាស់ទាំងអស់នៃដែនអាកាសអន្តរជាតិ។
អ្នកវិភាគនយោបាយគាំទ្រវិមានក្រឹមឡាំង លោក Sergei Markov បានលើកឡើងថា ពានរង្វាន់សម្រាប់អ្នកបើកយន្តហោះ គឺជាសញ្ញាច្បាស់លាស់ដែលថា រុស្ស៊ីនឹងបន្តទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក។
លោក Markov បានសរសេរនៅក្នុងការអត្ថាធិប្បាយថា “ការសម្រេចចិត្តនេះនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសង្គមរុស្ស៊ីដែលចង់ឱ្យរដ្ឋាភិបាលពង្រឹងគោលនយោបាយរបស់ខ្លួន” ។
ការបង្ហាញរបស់រុស្ស៊ីអំពីពានរង្វាន់នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធាអាមេរិកបានចេញផ្សាយវីដេអូឃ្លីបរយៈពេល ៤២ វិនាទីដែលបង្ហាញពីយន្តហោះចម្បាំង Su-27 របស់រុស្ស៊ីស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ហើយឆ្លងកាត់យ៉ាងជិតខណៈពេលកំពុងចាក់សាំងក្នុងគោលបំណងធ្វើឱ្យខូចអុបទិករបស់យន្តហោះដ្រូន និងកន្លែងផ្សេងៗទៀត៕ ប្រែសម្រួល ឈូក បូរ៉ា