ព័ត៌មានអន្តរជាតិ

Update៖ មហាសេដ្ឋីប្រាក់លាន Jack Ma វិលទៅកាន់ប្រទេសចិន វិញហើយ ក្រោយពីរស់នៅ បរទេសអស់ជាង១ឆ្នាំ

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា លោក Jack Ma ស្ថាបនិក ក្រុមហ៊ុន Alibaba Group Holding បានវិលត្រឡប់ទៅកាន់ប្រទេសចិន ដីគោកវិញនាពេលថ្មីៗនេះ បន្ទាប់ពីបានធ្វើដំណើរ ទៅក្រៅប្រទេសអស់ រយៈពេលជាង១ឆ្នាំ និងបានទៅទស្សនាសាលារៀន ដែលលោកបានបង្កើតនៅទីក្រុង Hangzhou ផងដែរ ។

នៅថ្ងៃចន្ទនេះ លោក Ma បានជួបជាមួយគ្រូ និងសិស្សនៅសាលា Hangzhou Yungu ដែលជាសាលាឯកជនដែលមានពី ថ្នាក់មត្តេយ្យដល់វិទ្យាល័យ ដែលត្រូវបានផ្តល់មូលនិធិ ដោយស្ថាបនិករបស់ក្រុមហ៊ុន Alibaba ក្នុងឆ្នាំ២០១៧ ។ នេះបើយោងតាមប្រភព ដែលដឹងពីកាលវិភាគរបស់លោក Ma ។

យោងតាមការបង្ហោះលោក Ma បានពិភាក្សាជាមួយមហាវិទ្យាល័យ របស់សាលាអំពីអនាគត នៃការអប់រំនៅក្នុងយុគសម័យ នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា (AI) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។ លោក Ma ត្រូវបានគេដកស្រង់សម្តីថា “យើងត្រូវប្រើ AI ដើម្បីដោះស្រាយបញ្ហា មិនមែនត្រូវបានគ្រប់គ្រងដោយ AI នោះទេ” ។

មហាសេដ្ឋីរូបនេះ បានថ្លែងទៀតថា បច្ចេកវិទ្យា ដូចជា ChatGPT បានបង្កបញ្ហាប្រឈមសម្រាប់អ្នកអប់រំ ហើយវាគ្រាន់ តែជាការចាប់ផ្តើមនៃយុគសម័យ AI ប៉ុណ្ណោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់សាលា ។ លោក Ma ដែលធ្លាប់ធ្វើជាគ្រូបង្រៀន ភាសាអង់គ្លេសមុន ពេលបង្កើតក្រុមហ៊ុន Alibaba បានលើកឡើងថា ការបង្រៀន គឺជាវិជ្ជាជីវៈដែលគាត់ចូលចិត្ត ហើយគាត់សង្ឃឹមថា គាត់អាចត្រលប់ទៅបង្រៀនវិញ នៅថ្ងៃណាមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top