ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិកថា អាមេរិកត្រូវតែបារម្ភ អំពីការគំរាមកំហែង នៃអាវុធលឿន ជាងសំឡេងរបស់ចិន ខណៈដែលការធ្វើតេស្ត របស់អាមេរិក បរាជ័យជាបន្តបន្ទាប់

បរទេស ៖ ថ្មីៗនេះ កងទ័ពអាកាសអាមេរិក បានធ្វើតេស្តអាវុធ ដែលមានល្បឿនលឿន ជាងសំឡេងចំនួនពីរ។ ទោះបីលើកទីមួយ ត្រូវបានប្រកាសថា ជោគជ័យក៏ដោយ ប៉ុន្តែលទ្ធផលពេញលេញនៃលើកទី ២ នៅតែមិនច្បាស់លាស់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពអាវុធល្បឿនលឿន ជាងសំឡេង របស់អាមេរិកជាថ្មីម្តងទៀត បានក្លាយជាចំណុចព្រួយបារម្ភ សម្រាប់សមាជិកសភាអាមេរិក ខណៈដែលតំណាងសភា អាមេរិកលោក Doug Lamborn បានអះអាងកាលពីថ្ងៃសុក្រថា អាវុធល្បឿនលឿនជាងសំឡេង របស់ទីក្រុងប៉េកាំងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។

លោកបាននិយាយក្នុងអំឡុងព្រឹត្តិការណ៍មួយនៅឯមជ្ឈមណ្ឌល ស្រាវជ្រាវ CSIS ក្នុងទីក្រុង Washington ដោយលោកបានមានប្រសាសន៍ថា “មានរឿងដែលយើងត្រូវព្រួយបារម្ភ៖ ហិរញ្ញវត្ថុ ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការរីកចម្រើននៅក្នុងផ្នែក ដូចជាការគំរាមកំហែងខ្លាំង ដោយអាវុធដែលមានល្បឿនលឿនជាងសំឡេង ជាពិសេសពីប្រទេសចិន” ។ លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកមិនមានបច្ចេកវិទ្យា ដែលអាចប្រើបានក្នុងទិដ្ឋភាពនេះ ដើម្បីស្មើនឹងសមភាគី របស់ខ្លួននៅឡើយទេ។

សហរដ្ឋអាមេរិក បាននឹងកំពុងវិនិយោគយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍អាវុធ ដែលមានល្បឿនលឿន ជាងសំឡេងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែលទ្ធផលនៅតែមានចម្ងល់ ដោយនៅឆ្នាំ ២០២១ កម្មវិធីសាកល្បងបាន បញ្ចប់ដោយការបរាជ័យ បីលើកជាប់ៗគ្នា បន្ទាប់មកនៅដើមឆ្នាំ ២០២២ មូលនិធិរបស់វាត្រូវបានកាត់បន្ថយពាក់កណ្តាលពី ១៦១ លានដុល្លារសម្រាប់ ការទិញគំរូថ្មីដល់ ៨០ លានដុល្លារ។ ក្នុងពេលនោះ របាយការណ៍បានបង្ហាញថា អាមេរិកកំពុងដើរយឺតជាងរុស្ស៊ី និងចិននៅពេល ដែលនិយាយអំពីបញ្ហានេះ៕

Most Popular

To Top